(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ នឹងត្រូវរៀបចំកាន់តែប្លែក និងពិសេសជាងមុន ដោយនឹងមានបន្ថែមនូវយុទ្ធគុន និងការតាំងបង្ហាញនូវសិល្បៈក្បាច់គុនដូនតាខ្មែរជាច្រើន ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ក្រោយកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការអនុវត្តរបស់គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» (គ.ច.យ.ខ.ព) និងគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដឹកនាំដោយលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានគណៈកម្មការទាំងពីរ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។
អនុប្រធានគណៈកម្មការចំពោះកិច្ច និងគណៈកម្មការស្រាវជ្រាវខាងលើ មានប្រសាសន៍ថា កិច្ចប្រជុំនេះ រៀបចំឡើង ដើម្បីជួបជុំពិនិត្យពិនិត្យមើលវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមក និងគម្រោងផែនការសម្រាប់បន្ដការអនុវត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ រួមមានរដ្ឋមន្ដ្រី រមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំគណៈកម្មការពាក់ព័ន្ធជាច្រើនផងដែរ។
សម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» នាចុងខែវិច្ឆិកា គ្រប់គម្រោងទាំងអស់ បានធ្វើយ៉ាងលម្អិត អំពីការរៀបចំ ទីតាំងរៀបចំ និងការផ្សព្វផ្សាយ ដើម្បីបំផុសចលនាយុទ្ធគុនខ្មែរ ជាចលនាជាតិមួយដ៏ធំសម្រាប់ឲ្យមានការជ្រូតជ្រាប និងគាំទ្រពីមហាជនទូទាំងប្រទេស ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ទៅលើការរៀបចំ ឲ្យមានទាំងការប្រកួត និងការតាំងបង្ហាញនូវយុទ្ធគុនចម្រុះខ្មែរបុរាណ គ្រប់ទម្រង់ គ្រប់ប្រភេទ ទាំងអាវុធយុទ្ធភណ្ឌ យុទ្ធមន្ដ និងការសាក់យ័ន្ដជាដើម។
ក្រឡេកមកចាប់អារម្មណ៍ការប្រកួតវិញ សម្ដេចក៏បានជំរុញឲ្យមានការដាក់បញ្ចូលនូវក្បាច់គុនទើបស្រាវជ្រាវរកឃើញ ក៏ដូចជាក្បាច់គុនសេសសល់ផ្សេងៗ ដូចជាការបន្ថែមនូវមេគុនស្រងែពេន ខ្លាក្រាប ក្រពើហា គុនខែល និងគុនចំបាប់ជាដើម ទោះបីតិចក្ដីច្រើនក្ដី ត្រូវលើកមកបង្ហាញ និងរំលេច សម្រាប់ដាក់សតិអារម្មណ៍ឲ្យប្រជាពលរដ្ឋ ក៏ដូចជាអន្ដរជាតិឃើញថា បុព្វបុរសខ្មែរ ពិតជាមានក្បាច់គុនដ៏សម្បូរបែប ដែលជាមរតកព្រលឹងយុទ្ធគុនដូនតាខ្មែរ។
លោក វ៉ាត់ ចំរើន បន្ថែមថា «យើងសង្ឃឹមថា ការផ្សព្វផ្សាយ និងការរៀបចំលើកនេះ នឹងមានអ្វីដែលប្លែក ដែលមានលក្ខណៈពិសេស ហើយប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស បញ្ញវន្ដ អ្នកស្រាវជ្រាវ និងអ្នកចង់ដឹងចង់លឺ អំពីយុទ្ធគុនខ្មែររបស់យើង អំពីយុទ្ធមន្ដ និងភាពខ្លាំងពូកែរបស់យុទ្ធគុនខ្មែរ ក៏ដូចជាប្រវត្តិគុនខ្មែរសូមចូលរួម ព្រោះការចូលរួមនេះ មិនមែនត្រឹមតែទស្សនាការប្រកួតនោះទេ គឺយើងនឹងមានតាំងពិព័រណ៌អ្វីដែលទទួលបានពីការស្រាវជ្រាវគម្ពីយុទ្ធគុនដូនតារបស់យើងផងដែរ»។
តាមរយៈការត្រៀមខ្លួនដ៏ល្អិតល្អន់ខាងលើ ក្នុងនាមគណៈកម្មការចំពោះកិច្ច លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រៀមចូលរួមគាំទ្រ និងសប្បាយរីករាយជាមួយការទស្សនា និងស្វែងយល់ពីមរតកយុទ្ធគុនដូនតាខ្មែរឲ្យបានច្រើនកុះករ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ៕