(ភ្នំពេញ)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងក្រុមហ៊ុនអឹមអេសអិនអេច អ៉ិនវេសម៉ិន ឯ.ក (MSNH Investment Co., Ltd) បានរៀបចំពិធីបញ្ចប់ការសាងសង់គ្រោងអគារ FTB Tower ដែលជាទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនរួចរាល់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ធនាគារ FTB បានរួមសហការជាមួយក្រុមហ៊ុន MSNH ក្នុងការសាងសង់ អគារ FTB Tower ដែលបានរៀបចំពិធីបើកការដ្ឋានសាងសង់នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ពិធីបញ្ចប់ការសាងសង់គ្រោងអគារ FTB Tower ប្រារព្ធឡើងនៅការដ្ឋានអគារផ្ទាល់ដោយក្រោមអធិបតីភាពរបស់ប្រធានក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ FTB និងក្រុមហ៊ុន MSNH រួមជាមួយនឹងក្រុមហ៊ុនទទួលការសាងសង់ China Construction Midland Cambodia ក្រុមហ៊ុនBV (អ្នកគ្រប់គ្រងគម្រោង) អមជាមួយទីប្រឹក្សារួមមាន ក្រុមហ៊ុន Aedas (ស្ថាបត្យករគម្រោង) ក្រុមហ៊ុនMeinhardt និងក្រុមហ៊ុន BK Asia។

ទីស្នាក់ការកណ្តាលថ្មី «FTB Tower» មានផ្ទៃអគារសរុប ៧៧.៥៩៣ ម៉ែត្រការ៉េ អគារ FTB Tower និងមានកម្ពស់សរុបចំនួន ២៨ជាន់ និងមានជាន់ក្រោមដីចំនួន ៤ជាន់សម្រាប់ធ្វើជាចំណតម៉ូតូនិងឡាន។ អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូតិ៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ។ អគារ FTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទអគារលំដាប់ខ្ពស់ ហើយការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារៈទំនើបៗ រួមទាំងបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្ម សុវត្ថិភាពអគ្គីភ័យ ការសន្សំសំចៃថាមពល និងការការពារបរិស្ថានស្របតាមបទប្បញ្ញត្តិក្នុងការសាងសង់អគារស្តង់ដារថ្នាក់ជាតិ និងអន្តរជាតិ។

លោក ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ FTB បានថ្លែងថា៖ «អគារការិយាល័យមួយនេះ គឺជានិមិត្តរូបនៃភាពរឹងមាំ និរន្តរភាព ភាពរុងរឿង មហិច្ឆតា និងការប្តេជ្ញាចិត្តរបស់ធនាគារ FTB ដើម្បីប្រតិបត្តិការប្រកបដោយចីរភាពរយៈពេលវែង»។ លោកបានបន្ថែមទៀតថា៖ «ព្រឹត្តិការណ៍ថ្ងៃនេះធ្វើអោយធនាគារ FTB កាន់តែខិតជិតមួយជំហានបន្ថែមទៀតក្នុងការផ្តល់នូវអគារលំដាប់អន្តរជាតិ ជូនដល់បុគ្គលិកអតិថិជន និងដៃគូធុរកិច្ច ដែលឆ្លុះបញ្ចាំងពីគុណតម្លៃ និងចក្ខុវិស័យ ជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តនៅក្នុងប្រទេសកម្ពុជា»

គម្រោងសាងសង់អគារ FTB Tower នឹងបញ្ចប់ក្នុងខែតុលាខាងមុខ បន្ថែមពីនេះទៀតការរចនាខាងក្នុង និងការងារដំឡើងប្រព័ន្ធផ្សេងៗនៃអគារ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

អំពីធនាគារ FTB៖ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុសម្បូរបែបជូនអតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ជាមួយការបន្តពង្រីបណ្តាញសាខា និងធនាគារចល័ត ព្រមទាំងទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២,២៨ ពាន់លានដុល្លារអាមេរិក ធនាគារ FTB ប្តេជ្ញានឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕