(ភ្នំពេញ)៖ កម្មវិធី «អក្ខរកម្មឌីជីថល» ជាកម្មវិធីមួយសម្រាប់លើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងបង្កើនចំណេះដឹងដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា ក្រោមកិច្ចសហការរវាង ក្រុមហ៊ុន អប្សរា មេឌា សឺវ៉ីស (AMS) និងមជ្ឈមណ្ឌលកម្ពុជា ៤.០ និងត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស ( AMS ) បានថ្លែងថា «បរិវត្តកម្មឌីជីថល ជាពិសេសការវិវត្តដ៏ជឿនលឿននៃបច្ចេកវិទ្យា AI បានចូលមកដល់ជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នារួចទៅហើយ ដូចជាការប្រើប្រាស់សេវាធនាគារ ការផ្ទេរប្រាក់តាមQR Code ការប្រើប្រាស់ផែនទី Googel Map ការប្រើប្រាស់បណ្ដាញសង្គម ការទទួលបានព័ត៌មានឬក៏មាតិកានានាលើបណ្ដាញសង្គម ការប្រើប្រាស់ស្មាតហ្វូនជាដើម»។
លោកបន្តថា នៅពេលបច្ចុប្បន្ន និងអនាគត ការប្រើប្រាស់AI គឺមានសារសំខាន់និងកាន់តែទូលំទូលាយ AI មិនត្រឹមតែជាកន្លែងដែលយើងសួរ និងឆ្លើយសំនួរនោះទេ តែ AI ជាឧបករណ៍ដ៏សំបូរបែប ដើម្បីជួយនៅក្នុងការសិក្សា ជួយនៅក្នុងការងារប្រចាំថ្ងៃ ជួយក្នុងការគ្រប់គ្រងអាជីវកម្ម ហើយក៏នឹងអាចជួយស្រាវជ្រាវនៅក្នុងផ្នែកវេជ្ជសាស្ត្រ ជាក់ស្ដែងនៅប្រទេសជឿនលឿនមួយចំនួន បានប្រើAI ដើម្បីធ្វើការពិសោធន៍ ផលិតផលវ៉ាក់សាំង ផលិតថ្នាំពេទ្យ។
លោកបញ្ជាក់ថា អក្ខរកម្មឌីជីថគឺជាបំណិនជីវិតដ៏ចាំបាច់មួយ ដោយមិនអាចមើលរំលងបាននាពេលបច្ចុប្បន្ន និងតទៅអនាគត។ នៅពេលសាធារណជនមានមូលដ្ឋានមានចំណេះដឹងឌីជីថលហើយ ពួកគេនឹងមានលទ្ធភាពក្នុងការចាប់យកឱកាសថ្មីៗ ការងារនិងធុរកិច្ច ហើយនឹងអាចមានសមត្ថភាព ក្នុងការការពារខ្លួនពីអំពើឆបោកអនឡានផ្សេងៗផងដែរ ។
លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាននៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា កម្មវិធីអក្ខរកម្មឌីជីថល គឺជាកម្មវិធីសម្រាប់លើកកម្ពស់ចំណេះដឹង ក្នុងយុគសម័យឌីជីថល ដើម្បីចែករំលែកបទពិសោធន៍ចំណេះដឹងឌីជីថល ដែលមិនមែនត្រឹមតែមូលដ្ឋានដ៏មានសារសំខាន់តែមួយប៉ុណ្ណោះទេ តែក៏ជាឧបករណ៍ដ៏មានសារសំខាន់ដែលអាចផ្ដល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនសមត្ថភាពទំនាក់ទំនង ក្នុងការចូលរួមក្នុងសហគមន៍សាកលដោយមានភាពជឿជាក់ប្រកបដោយភាពច្បាស់លាស់ ។
លោកបន្តថា កម្មវិធីនេះក៏បានលើកឡើងយកប្រធានបទ ទាក់ទងជាមួយនឹងហានិភ័យរបស់ប្រព័ន្ធឌីជីថលដែលតែងតែកើតមាន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រចាំថ្ងៃ ដូចជាសារសំខាន់នៃការប្រើប្រាស់លេខសម្ងាត់ វិធីសាស្ត្រឆបោក ហានិភ័យនៃការប្រើប្រាស់អ៊ីនធើណេតសាធារណៈ ( Wifi ) និងការទូទាត់តាមប្រព័ន្ធអនឡាញជាដើម។
លោក អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានថ្លែងថា ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល គឺជាភាពចាំបាច់និងបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការចូលរួម និងការសម្រេចបានចក្ខុវិស័យ ក្នុងការកសាងកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ការរៀបចំកម្មវិធី អក្ខរកម្មឌីជីថល គឺជាផ្នែកសំខាន់មួយក្នុងការចូលរួមជាចំណែក ដល់ការសម្រេចបាននូវចក្ខុវិស័យ។
លោកបានបន្តថា កម្ពុជាជាប្រទេសដែលសំបូរទៅដោយមូលធន និងយុវជនដែលពោរពេញដោយកម្លាំងនិងថាមពល យ៉ាងណាក៏ដោយ ការកសាង និងបណ្ដុះបណ្ដាលមូលធនឱ្យក្លាយជាគ្រាប់ពេជ្រ ដែលមានតម្លៃ ត្រូវការការកែច្នៃហើយការបណ្ដុះបណ្ដាល ទាំងការបណ្ដុះបណ្ដាលឌីជីថល និងជំនាញផ្សេងៗទៀតគឺពិតជាមានភាពចាំបាច់ណាស់ ទាំងការបណ្ដុះបណ្ដាលដោយផ្ទាល់ និងការបណ្ដុះបណ្តាលតាមអនឡាញ។
ដោយឡែកការរៀបចំជាកម្មវិធីផ្សព្វផ្សាយជាភាគខ្លីៗនេះ គឺជាការចូលរួមមួយសម្រាប់ ការបណ្ដុះបណ្ដាលតាមអនឡាញ សម្រាប់អ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលដោយផ្ទាល់៕