(បរទេស)៖ នៅក្នុងការស្រាវជ្រាវថ្មីមួយរបស់មហាវិទ្យាល័យ Cold Spring Harbor Laboratory បានបង្ហាញថា menadione sodium bisulfite (MSB) ដែលជាសារធាតុបង្កើតវីតាមីន K មានសមត្ថភាពបំផ្លាញកោសិកាមហារីក ជាពិសេសមហារីកក្រពេញប្រូស្តាត។
បើយោងតាម សមាគមមហារីកអាមេរិក (the American Cancer Society) បានឲ្យដឹងថា មហារីកក្រពេញប្រូស្តាតជារឿងធ្ងន់ធ្ងរដល់សុខភាពបុរសនៅសហរដ្ឋអាមេរិក និងជាមូលហេតុស្លាប់ដោយសារជំងឺមហារីកចំណាត់ថ្នាក់ទី២ បន្ទាប់ពីមហារីកសួត។ ការស្រាវជ្រាវបង្ហាញថា ប្រហែល ១នាក់ក្នុងចំណោមបុរស ៨នាក់ នឹងមានឱកាសកើតជំងឺមហារីកក្រពេញប្រូស្តាត។ ស្ថិតិនេះបញ្ជាក់ថា ទោះបីជាមហារីកនេះអាចព្យាបាលបានក្នុងករណីភាគច្រើនក៏ដោយ ក៏មានអ្នកជំងឺខ្លះមិនឆ្លើយតបនឹងការព្យាបាល។ តែបញ្ហានេះកំពុងទទួលបានការឆ្លើយតបថ្មីពីការស្រាវជ្រាវ។
ការសិក្សាថ្មីមួយនៅលើសត្វកណ្តុរបានបង្ហាញថា សារធាតុបង្កើតវីតាមីន K មានសមត្ថភាពផ្អាកនូវការរីកលូតលាស់នៃកោសិកាមហារីកក្រពេញប្រូស្តាត។ ការរកឃើញថ្មីនៅមហាវិទ្យាល័យ Cold Spring Harbor Laboratory អាចផ្តល់នូវដំណោះស្រាយថ្មីមួយ សម្រាប់បញ្ហាមហារីកក្រពេញប្រូស្តាយ។ សាស្ត្រាចារ្យ Lloyd Trotman និងក្រុមស្រាវជ្រាវរបស់លោកបានរកឃើញថា menadione ដែលជាផលិតផលបន្ថែមមានលក្ខណៈជាសារធាតុអុកស៊ីតកម្ម (pro-oxidant) អាចបន្ថយការវិវឌ្ឍន៍កោសិកាមហារីកក្រពេញប្រូស្តាត ដែលធ្វើតេស្តមានប្រសិទ្ធភាពចំពោះសត្វកណ្តុរ។
គួរជម្រាបថា Menadione គឺជាសារធាតុដែលមានស្រាប់ក្នុងបន្លែស្លឹកបៃតង ហើយជាសារធាតុបង្កើតនៃវីតាមីន K។ ទោះបីជាសិក្សាថ្មីនេះទើបតែបានចេញផ្សាយក៏ដោយ វាគឺជាលទ្ធផលដែលបន្តពីការស្រាវជ្រាវមួយផ្សេងទៀត ដែលបានចាប់ផ្តើមតាំងពីដើមសតវត្សទី២១៕