(សៅប៉ូឡូ)៖ គ្រូបង្វឹកសញ្ជាតិអ៉ីតាលី Carlo Ancetotti ត្រូវបានគេរាយការណ៍ថា នឹងទទួលបានថ្លៃនឿយហត់ប្រមាណ ១១.១លានដុល្លារក្នុង ១ឆ្នាំ សម្រាប់ការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល មានចំនួនច្រើនជាងគេដាច់ផងដែរ បើប្រៀបធៀបទៅនឹងបណ្តាអ្នកចាត់ការផ្សេងទៀតនៅតំបន់អាមេរិកឡាទីន។
ថ្មីនេះដែរ បុរសវ័យ ៦៥ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាជាមួយសហព័ន្ធប្រេស៊ីល CBF ដើម្បីដឹកនាំអតីតជើងឯកពានរង្វាន់ពិភពលោក World Cup ៥សម័យកាលច្រើនជាងគេមួយនេះ ដល់បំណាច់ឆ្នាំ២០២៦ ក្រោយពេលជោគជ័យក្នុងក្លិបអាជីពរួចមក។
ទន្ទឹមគ្នានោះ អតីតគ្រូបង្វឹក Real Madrid រូបនេះ ក៏នឹងទទួលបានថ្លៃនឿយហត់ប្រមាណជាង ១០លានដុល្លារក្នុង ១ឆ្នាំផងដែរ លើសគ្រូបង្វឹកចាស់ Dorival Junior ដែលត្រូវបានដកតំណែងបានតែ ៤លានដុល្លារប៉ុណ្ណោះ ក្នុង ១ឆ្នាំ។
ខាងក្រោមនេះ ជាប្រាក់ពលកម្មសម្រាប់គ្រូបង្វឹកលំដាប់ World Class ផ្សេងទៀតប្រចាំតំបន់អាមេរិកខាងត្បូង CONMEBOL ក្នុងរយៈពេល ១ឆ្នាំដូចគ្នារួមមាន៖
. លោក Marcelo Bielsa គ្រូបង្វឹកអ៊ុយរូហ្គាយ ទទួលបាន ៤លានដុល្លារ
. លោក Ricardo Gareca គ្រូបង្វឹកឈីលី ទទួលបាន ៣.៧លានដុល្លារ
. លោក Daniel Garnero គ្រូបង្វឹកប៉ារ៉ាហ្គាយ ទទួលបាន ៣លានដុល្លារ
. លោក Fernando Batista គ្រូបង្វឹកវេណេហ្សូអេឡា ទទួលបាន ៣លានដុល្លារ
. លោក Lionel Scaloni គ្រូបង្វឹកអាហ្សង់ទីន ទទួលបាន ២.៦លានដុល្លារ៕