(ភ្នំពេញ)៖ លោក សុខ យ៉ានិមល ប្រធានថ្មី នៃសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្ដដឹកនាំ និងជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យរីកចម្រើន ឆ្ពោះទៅរកភាពជោគជ័យថ្មីៗបន្ថែមទៀត។
ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្រោយអង្គមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្ដអាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានបោះឆ្នោតគាំទ្ររូបលោកជាប្រធានសហព័ន្ធ អាណត្តិថ្មី បន្ទាប់ពីប្រធានសហព័ន្ធ អាណត្តិចាស់ គឺលោកបណ្ឌិត មាស សារិន បានប្រកាសលាលែងពីតំណែង។
នៅក្នុងអង្គមហាសន្និបាតខាងលើ ក្រៅពីការផ្លាស់ប្ដូរក្បាលម៉ាស៊ីនថ្មីរបស់សហព័ន្ធ ក៏ដូចជាការបូកសរុប និងលើកទិសដៅការងារសំខាន់ៗ ក៏មានការបោះឆ្នោតអនុម័តលើការកែសម្រួលឈ្មោះថ្មីរបស់សហព័ន្ធផងដែរ ដោយផ្លាស់ប្ដូរពី «សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា» មកជា «សហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា» វិញ។
ក្នុងនាមប្រធានសហព័ន្ធ អាណត្ដិចាស់ លោកបណ្ឌិត មាស សារិន បានគាំទ្រការផ្លាស់ប្ដូរឈ្មោះថ្មី ពោលគឺប្ដូរពី «សីឈិនឡូន» មកជា «សីមេលោង» ព្រោះពាក្យសីមេលោង គឺជាពាក្យខ្មែរ និងជាកីឡាប្រពៃណីរបស់ខ្មែរតាំងពីយូរលង់មកហើយ ។ ដូច្នេះតាមរយៈការផ្លាស់ប្ដូរឈ្មោះថ្មី ស្របពេលសហព័ន្ធផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មីនេះ គ្រប់ភាគីពាក់ព័ន្ធ នឹងបន្ដរួបរួមគ្នា ដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឆ្លៀតឱកាសនោះដែរ ក្នុងនាមប្រធានសហព័ន្ធថ្មី លោក សុខ យ៉ានិមល បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលអង្គមហាសន្និបាត ក៏ដូចជាគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បានគាំទ្រលោកជាប្រធានសហព័ន្ធ ហើយលោកបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបន្តការដឹកនាំ និងអភិវឌ្ឍ តាមរយៈកិច្ចសហការជាមួយស្ថាប័នផ្សេងៗទៀត ដើម្បីជំរុញវិស័យកីឡាសីដក់ និងសីមេលោងកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់ទៀត ក៏ដូចជាការខិតខំជំរុញប្រភេទកីឡាប្រពៃណីជាតិខ្មែរនេះ ឲ្យក្លាយជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ នៅថ្ងៃអនាគតផងដែរ។
សូមបញ្ជាក់ថា សម្រាប់រចនាសម្ព័ន្ធដឹកនាំសហព័ន្ធ នៅក្នុងអាណត្តិទី៨ នៃសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជានេះ គឺមានសមាជិកគណៈកម្មាធិការប្រតិបត្តិសរុប ១៧រូប ក្នុងនោះមានលោក សុខ យ៉ានិមល ជាប្រធាន និងអនុប្រធាន ៤រូប, អគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរង ១រូប, អគ្គហេរញ្ញិក ១រូប និងសមាជិក ៩រូប។ រីឯលោកបណ្ឌិត មាស សារិន ក្រោយពីលាលែងពីតំណែង ត្រូវបានអង្គមហាសន្និបាត សម្រេចតែងតាំងជាប្រធានកិត្តិយសរបស់សហព័ន្ធ៕