(ភ្នំពេញ)៖ ដោយមានការជួយជ្រោមជ្រែង និងសហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ «អាយ.អេ.អឹម.អេ កម្ពុជា» (I.A.M.A Cambodia) ដែលជាស្ថាប័នអប់រំផ្តោតលើគណិតវិទ្យារហ័ស និងគណិតអន្តរជាតិ នឹងរៀបចំការប្រឡងគណិតវិទ្យាអន្តរជាតិ និងគណិតវិទ្យារហ័សថ្នាក់ជាតិលើកទី៣ នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលមហោស្រព អង្គរគីហ្សុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភ្នំពេញ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីជ្រើសរើសកុមារឆ្នើមកម្ពុជាចំនួន៦០រូប ចេញពីបេក្ខភាពកុមារ ៥០២នាក់ ដើម្បីធ្វើជាកុមារតំណាងកម្ពុជា ទៅចូលរួមការប្រឡងគណិតវិទ្យាអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី នាខែសីហា ឆ្នាំ២០២៥ខាងមុខ។
កម្មវិធីនៃព្រឹត្តិការណ៍ការប្រឡងថ្នាក់ជាតិនឹងបែងចែកជា២វគ្គធំៗ ដូចខាងក្រោម៖
* ពេលព្រឹក (៧៖៣០នាទី-១១៖៤០នាទី)៖ រួមមានការប្រឡងគណិតវិទ្យារហ័សសម្រាប់កុមារថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ និងការប្រឡងគណិតវិទ្យាអន្តរជាតិថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ។
* ពេលរសៀល (១៖៣០នាទី-៥៖០០នាទី)៖ ការប្រកាសលទ្ធផល ការសម្តែងសមត្ថភាពដោយសិស្ស អាយ.អេ.អឹម.អេ កម្ពុជា និងពិធីចែកពានរង្វាន់។
ប្រវត្តិនៃភាពជោគជ័យ! អាយ.អេ.អឹម.អេ កម្ពុជា ដែលបានចាប់ផ្តើមដំណើរការនៅទីក្រុងភ្នំពេញ ឆ្នាំ២០១៨ គឺជាសមាជិកមួយ ក្នុងចំណោមសមាជិក៣២ប្រទេស នៃសមាគមន៍គណិតវិទ្យាអាយ.អេ.អឹម.អេអន្តរជាតិ។ ស្ថាប័ននេះបានធ្វើការប្រឡងជ្រើសរើសសិស្សឆ្នើមជារៀងរាល់ឆ្នាំ ដោយមានស្នាដៃគួរឱ្យចាប់អារម្មណ៍៖
* ឆ្នាំ២០១៩៖ ជ្រើសបានសិស្សជ័យលាភី២៨នាក់ តំណាងកម្ពុជាទៅតៃវ៉ាន់ និងទទួលបានជ័យលាភី២៩រង្វាន់។
* ឆ្នាំ២០២៤៖ ជ្រើសបានសិស្សជ័យលាភី២២នាក់ តំណាងកម្ពុជាទៅហុងកុង ទទួលបានជ័យលាភីទាំងអស់គ្នាសរុប៣៩រង្វាន់។
គោលបំណងអនាគត! អាយ.អេ.អឹម.អេ កម្ពុជា មានគោលបំណងស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រឡងគណិតវិទ្យារហ័សអន្តរជាតិ នាឆ្នាំ២០២៦ ឬ២០២៧ ដែលអាចនឹងមានបេក្ខសិស្សរហូតដល់១៥០០នាក់ មកពី៣២ប្រទេសដើម្បីចូលរួមប្រកួតប្រជែង ក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យអប់រំ និងកេរ្តិ៍ឈ្មោះកម្ពុជាក្នុងឆាកអន្តរជាតិ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖
* ទីស្នាក់ការ៖ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
* ទូរស័ព្ទ៖ ០៩៣៦៦៣៣៥៤
អាយ.អេ.អឹម.អេ កម្ពុជា លើកស្ទួយសមត្ថភាពគណិតវិទ្យារបស់កុមារកម្ពុជា៕