(ភ្នំពេញ)៖ លោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្ដរជាតិ(IPC) បានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសគំរូ ដែលបានយកចិត្តទុកដាក់លើជនមានពិការភាព ពិសេសការលើកកម្ពស់កីឡាជនពិការ ។ លើសពីនេះ លោកក៏បានប្រកាសបើកទ្វារ IPC ក្នុងការឧបត្ថម្ភគាំទ្រនូវជំនួយបច្ចេកទេសផ្សេងៗ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍចលនាប៉ារ៉ាឡាំពិកកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផង។
នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មានបូកសរុបលទ្ធផល នៃដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលផ្ទាល់ពីលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា(NPCC) ដោយលោកបានទស្សនកិច្ចទីលានហ្វឹកហាត់ និងជួបសំណេះសំណាលជាមួយអត្តពលិកជនពិការកម្ពុជាជាច្រើន ហើយនៅថ្ងៃទី១៣ ខែឧសភា លោក Andrew Parsons ក៏ត្រូវបានអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អនុប្រធាន NPCC ផងដែរ។
លោក Andrew Parsons បានបង្ហាញនូវមោទនភាព និងសប្បាយរីករាយ ចំពោះដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា ដោយបានមើលឃើញពីភាពរីកចម្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានកីឡាករ-កីឡាការិនី ដែលមានការរៀបចំរចនាសម្ព័ន្ធដ៏រឹងមាំនៅរាជធានីភ្នំពេញ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ NPCC ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស ។ លើសពីនេះ លោកក៏បានសម្ដែងការភ្ញាក់ផ្អើល និងវាយតម្លៃខ្ពស់ ចំពោះពហុកីឡដ្ឋានជាតិមរតកតេជោ ជាពហុកីឡដ្ឋានដ៏ទំនើប ដែលបានរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីឆ្នាំ២០២៣ ដ៏មហាជោគជ័យទៀតផង។
ជាមួយគ្នា ក្រោយបានស្ដាប់នូវប្រវត្តិ និងដំណើរការអភិវឌ្ឍន៍វិស័យកីឡា ពិសេសវិស័យកីជនពិការ ក្នុងការចូលរួមព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ រហូតទទួលបានជោគជ័យ ក្នុងការម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពីសំណាក់លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានប៉ារ៉ាឡាំពិកពិភពលោកដដែល បានសម្ដែងនូវការកោតស្ញប់ស្ងែងជាខ្លាំង ចំពោះការយកចិត្តទុកដាក់ដ៏មានគុណតម្លៃមួយនេះ ពិសេសការយល់ច្បាស់ពីបញ្ហាពិការភាព ទាំងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ NPCC ជាក់ស្ដែងលោក ហ៊ុន ម៉ានី ផ្ទាល់ ដែលបានផ្ដល់នូវការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តជាច្រើន ដែលបណ្ដាប្រទេសផ្សេងៗ ដែលជាការងារមួយដ៏ប្រពៃ ក្នុងការលើកទឹកចិត្តផ្នែកសង្គមកិច្ច ក៏ដូចជាចលនាជនពិការនៅទូទាំងប្រទេស។
ប្រធាន IPC បានសង្កត់ធ្ងន់ថា «ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជានាពេលនេះ ដែលជាទស្សនកិច្ចជាន់ខ្ពស់មួយ ដែលខ្ញុំបានពិនិត្យឃើញទៅតាមបណ្ដាប្រទេសដទៃទៀត គឺកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងរៀបចំបានយ៉ាងល្អចំពោះវិស័យកីឡាជនពិការ ។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលជាគំរូមួយ មិនមែនត្រឹមតែជួយបងប្អូនជនពិការនៅកម្ពុជាទេ តែអាចជួយដល់ជនពិការដទៃទៀតនៅលើពិភពលោកថែមទៀត»។
«ខ្ញុំសង្ឃឹមថា ក្រោយត្រឡប់ទៅវិញ ខ្ញុំនឹងមានកិច្ចពិភាក្សាជាមួយក្រុមការងាររបស់ខ្ញុំ នៅទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកអន្ដរជាតិ ដើម្បីជួយទំនុបបម្រុង និងកិច្ចសហការឲ្យកាន់តែស្អិតរមួត រវាងគណៈកម្មាធិការជាតិបារ៉ាឡាំពិកកម្ពុជា និងគណៈកម្មាធិកាប៉ារ៉ាឡាំពិកអន្ដរជាតិ ហើយខ្ញុំសូមប្រកាសថា ពេលនេះ ទ្វារបើកជំហរហើយ សម្រាប់គណៈកម្មាធិការជាតិបារ៉ាឡាំពិកកម្ពុជា និងគណៈកម្មាធិកាប៉ារ៉ាឡាំពិកអន្ដរជាតិ ដែលកាន់តែទូលំទូលាយជាងមុន ក្រោយដំណើរទស្សនកិច្ច និងការមើលឃើញភាពជាក់ស្ដែងនៅកម្ពុជាពេលនេះ»។ លោក Andrew Parsons បន្ថែម៕