(អ៉ីតាលី)៖ ក្រុមបាល់ទាត់ Bologna ពេលនេះបានសម្រេចក្តីស្រមៃលើកពានធំប្រចាំក្លិប គឺការឈ្នះពានរង្វាន់ Coppa Italia 2024-25 ក្រោយពីធ្វើដំណើរផ្សងព្រេងស្វែងរកការឈ្នះពានណាមួយប្រចាំក្របខ័ណ្ឌលីគអ៉ីតាលី អស់រយៈពេល ៥១ឆ្នាំកន្លងមក ក្រោយពីយកឈ្នះក្រុម AC Milan ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ។

ជ័យជម្នះនេះបានធ្វើឱ្យ Bologna មានសិទ្ធិលេងវគ្គជម្រុះពានអឺរ៉ុប Europa League នៅរដូវកាលក្រោយ ខណៈការឈ្នះលើ AC Milan ប្រៀបបាននឹងសងសឹកមកក្រោយពីបរាជ័យក្នុងលីគ ៣-១ ដោយធ្វើឱ្យក្រុមលោក Vincenzo Italiano ឈរត្រឹមលេខ៧ ក្នុងតារាងពិន្ទុបណ្តោះអាសន្នផងដែរ ។

មួយគ្រាប់ជ័យជម្នះពីការស៊ុតបញ្ចូលទីក្នុងតង់ទី២ របស់កីឡាករ Dan Ndoye នាំឱ្យស្គាល់ការលើកពានក្របខ័ណ្ឌលីគអ៉ីតាលីជាថ្មីម្តងទៀត គិតចាប់តាំងពីឈ្នះពាននេះលើកចុងក្រោយនៅរដូវកាល១៩៧៣-៧៤ និងជាលើកទី៣ របស់ក្លិបដែលលើកទី១ យកបាននៅរដូវកាល១៩៦៩-៧០ ដ្បិតក្លិបនេះក៏ជាក្រុមធ្លាប់គ្រងជើងឯកពាន Serie A ចំនួន ៧សម័យកាលផងដែរ ៕