(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ១០០នាក់បន្ថែមទៀតនៅថ្ងៃពុធសប្តាហ៍នេះ នៅក្នុងផ្នែកឧបករណ៍ និង អង្គភាពសេវាកម្មរបស់ខ្លួន ដែលគ្រប់គ្រងផលិតផលដូចជា Kindle, Echo speaker, Alexa voice assistant និង Zoox self-driving car ដែលជាផ្នែកមួយនៃការត្រួតពិនិត្យអាជីវកម្មជាប្រចាំរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

អ្នកនាំពាក្យ Amazon មួយរូបបាននិយាយថា «ការបញ្ឈប់បុគ្គលិកនេះគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធ យើងធ្វើបែបនេះដើម្បីឱ្យក្រុម និងកម្មវិធីរបស់យើងដំណើរការកាន់តែមានប្រសិទ្ធភាព ហើយយើងបានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការលុបបំបាត់តួនាទីមួយចំនួន»។ យ៉ាងណាមិញ ជុំវិញការកាត់បន្ថយការងារនេះធ្វើឡើងបន្ទាប់ពីការបញ្ឈប់ការងារតិចជាងមុននៅក្នុងផ្នែក​ដែល​ទាក់​ទង​រួម​ទាំង Alexa និង​ផ្នែក​ផ្សេង​ទៀត​ដូច​ជា Wondery podcasts ហាង និងផ្នែកទំនាក់ទំនង។ បើទោះបីជាមានការកាត់បន្ថយទាំងនេះក៏ដោយ Amazon ត្រូវបានគេមើលឃើញថានៅតែបន្តជួលបុគ្គលិកបន្ថែមទៀតប្រហែល ៤,០០០នាក់ នៅចន្លោះចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤។

គួរជម្រាបថា នាយកប្រតិបត្តិ (CEO) លោក Andy Jassy កំពុងព្យាយាមកាត់បន្ថយអ្វីដែលគាត់បានពិពណ៌នាថាជាការិយាធិបតេយ្យហួសហេតុនៅក្នុងក្រុមហ៊ុន រួមទាំងផែនការកាត់បន្ថយចំនួនអ្នកគ្រប់គ្រងផងដែរ៕