(រ៉ូម)៖ កីឡាករវាយកូនបាល់ទោល ឈរនៅលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Jannik Sinner ត្រូវបានអញ្ជើញឱ្យចូលជួបសម្តែងការគួរសមជាមួយសម្តេច Pope ថ្មី ដែលទើបជាប់ឆ្នោត នៅឯបុរី វ៉ាទីកង់ផ្ទាល់តែម្តង។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យថា ការជួបសំណេះសំណាលជាមួយប្រមុខ Vatican គឺលោក Leo XIV ថ្មីនេះដែរ ត្រូវបានធ្វើឡើងនៅឯវិហារកាតូលីក ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។

នេះជាជំនួបផ្លូវការលើកដំបូងផងដែររបស់កីឡាករវ័យ ២៣ឆ្នាំ គិតចាប់តាំងរួចផុតបម្រាម ៣ខែ ពាក់ព័ន្ធនឹងសារធាតុហាមឃាត់ និងក្រោយពេល Sinner បានឈានដល់វគ្គ ៨នាក់ចុងក្រោយនៃពានរង្វាន់ Italian Open 2025 ទៀតផង។

នៅក្នុងពិធីជួបសំណេះសំណាលប្រកបដោយបរិយាកាសសប្បាយរីករាយនោះដែរ Sinner ក៏បានបង្ហាញ និងផ្តល់ រ៉ុក្កែតដល់សម្តេច Pope និងបានទូលថា «តើព្រះអង្គអាចលេងបានទេ? ដ្បិតព្រះអង្គមានព្រះជន្ម ៦៩ឆ្នាំ ក៏បានឆ្លើយដោយកំប្លែងថា ពិតជាមិនអាចទេ» ដោយកន្លងមកព្រះក៏ជាអ្នកគាំទ្រខាង Tennis វិញ្ញាសាវាយទោលមួយរូបដែរ៕