(បរទេស)៖ តាមការចេញផ្សាយបានឲ្យដឹងថា Google DeepMind ទើបចេញ AI ថ្មីឈ្មោះថា «AlphaEvolve» ដែលអាចគណនាវិធី (algorithms) ថ្មីៗដោយខ្លួនឯង ពោលគឺល្អជាងវីធីដែលមនុស្សបានបង្កើត។ នេះ គឺជាជំហានធំបំផុតមួយក្នុងវិស័យបច្ចេកវិទ្យា AI ដែលអាចជួយដល់ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្សេងៗ។

AlphaEvolve គឺជា AI agent ដែលបង្កើតឡើងដោយ DeepMind។ វាប្រើបច្ចេកវិទ្យា Gemini (ម៉ូដែលភាសាធំរបស់ Google) និងរួមបញ្ចូលជាមួយវិធីសាស្ត្របែបវិវត្តន៍ (evolutionary algorithms) ដើម្បីបង្កើតកូដថ្មីៗ។ វាអាចសាកល្បង និងបង្កើតគណនាវិធីថ្មីៗដោយស្វ័យប្រវត្តិ។ AlphaEvolve បានបង្កើតវិធីសាស្ត្រថ្មីដែលលឿនជាង Strassen algorithm ដែលបានប្រើប្រាស់ជាង ៥០ ឆ្នាំមកនេះ។ ការប្រើប្រាស់ជាក់ស្តែង វាបានកែលម្អការងារដូចជា ការរៀបចំបណ្តាញទិន្នន័យ, ការរចនាឈីប, និងការកែលម្អប្រសិទ្ធភាព LLMs ជាដើម។ ងាកមក ការដោះស្រាយបញ្ហាគណិតវិទ្យា AlphaEvolve បានដោះស្រាយបញ្ហាគណិតវិទ្យាជាង៥០ ដែលមនុស្សមិនទាន់ដោះស្រាយបាន ដូចជា «kissing number problem»។ ងាកមកការដំណើរការរបស់វាវិញ គឺជំហានដំបូង វាបង្កើតកូដ ដោយប្រើ Gemini LLM ដើម្បីបង្កើតកូដដំបូង។ វាបានបង្កើនប្រសិទ្ធភាព ដោយប្រើវិធីសាស្ត្រវិវត្តន៍ ដើម្បីកែលម្អកូដនោះ បន្ទាប់មកផ្ទៀងផ្ទាត់ ដើម្បីពិនិត្យពីភាពត្រឹមត្រូវ និងប្រសិទ្ធភាពរបស់វីធីសាស្ត្រថ្មីៗ។

គួរជម្រាបថា ការអភិវឌ្ឍន៍ AlphaEvolve បង្ហាញថា AI អាចចូលរួមជួយការស្រាវជ្រាវបែបវិទ្យាសាស្ត្របានយ៉ាងសកម្ម។ វាអាចជួយឱ្យការស្រាវជ្រាវទៅមុខលឿនជាងមុន និងបង្កើតសមិទ្ធផលដែលមនុស្សមិនអាចធ្វើបានដោយខ្លួនឯង៕