(បាសេឡូណា)៖ អ្នកគាំទ្រចំនួន ១៣នាក់បានរងរបួស នៅពេលរថយន្តបានបុកចូលហ្វូងអ្នកគាំទ្រនៅខាងក្រៅកីឡដ្ឋាននៃជំនួប Derby រវាងក្រុម FC Barcelona និង Espanyol កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតដែលក្រុមអ្នកមានបុណ្យបានឆ្លងជើងឯកលីគកំពូលអេស្ប៉ាញ La Liga តាមរយៈយកឈ្នះគូប្រជែង Espanyol ២ទល់នឹង០ ក៏មានការពន្យារពេលជាច្រើននាទីផងដែរ នៅឯដើមវគ្គទី១។
បើយោងតាមមន្រ្តីប៉ូលីសប្រចាំទីក្រុង Barcelona បានឱ្យដឹងថា អ្នករងរបួស ៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បើទោះបីជាពុំស្ថិតក្នុងសា្ថនភាពធ្ងន់ធ្ងរក៏ដោយ។
ពីរបាយការណ៍ប៉ូលីសដដែលក៏បានបន្ថែមថា អ្នកបើកបររថយន្តត្រូវបានចាប់ខ្លួន ក្នុងការបង្ករបួសស្នាម ដែលដំបូងឡើយរថយន្តនេះត្រូវបានគេប្រទះឃើញឈប់នៅខាងក្រៅកីឡដ្ឋាន ដែលត្រូវហ៊ុំព័ទ្ធដោយអ្នកគាំទ្រ មុនពេលបើកបុកហ្វូងអ្នកគាំទ្របែបនេះ៕