(បរទេស)៖ សេវាកម្ម Subscription របស់ក្រុមហ៊ុន Google ដែលគិតប្រាក់ពីអ្នកប្រើប្រាស់សម្រាប់ការផ្ទុកទិន្នន័យលើ Cloud និងមានបញ្ចូលមុខងារបញ្ញាសិប្បនិម្មិត AI នោះ ថ្មីៗនេះបានកើនឡើងអតិថិជនរហូតដល់១៥០លាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

ការកើនឡើងនេះតំណាងឲ្យកំណើន ៥០% ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤មក នៅពេលដែល Google One បានឆ្លងកាត់ចំនួនអ្នកប្រើប្រាស់ ១០០លាននាក់ ក្នុងរយៈពេលជិត៦ឆ្នាំ បន្ទាប់ពីសេវាកម្មនេះបានចាប់ផ្តើម។ ការកើនឡើងនេះ កើតឡើង​ដោយសារទំនាក់ទំនងជាមួយ AI Premium tier ដែលមានតម្លៃ ១៩.៩៩ដុល្លារក្នុងមួយខែ ដែលជាជម្រើសថ្មីមានមុខងារជាច្រើន ដូចជា៖

• Gemini Advanced ដែលជាបច្ចេកវិទ្យា AI មានសមត្ថភាពខ្លាំងជាងគេរបស់ Google
• ទំហំផ្ទុក Cloud 2TB
• មុខងារ AI ដែលមានសមត្ថភាពខ្ពស់បន្ថែមក្នុង Gmail, Docs និងកម្មវិធីផ្សេងៗ
• ការចូលប្រើមុខងារ AI ពិសោធន៍មុនគេ

គួរជម្រាបថា អាជីវកម្មនេះ គឺជាជំហានសំខាន់សម្រាប់ Google ក្នុងការរកចំណូលបន្ថែមក្រោពីចំណូលផ្សាយពាណិជ្ជកម្ម ដែលគ្របដណ្តប់លើប្រាក់ចំណូលជាង ៧៥% នៃប្រាក់ចំណូល ៣៥០ពាន់លាន ក្នុងឆ្នាំ២០២៤។ នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានឲ្យដឹងថា Google នឹងបន្តផ្តោតលើការរីកចម្រើនបន្ថែមនៃសេវាកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃការប្រើប្រាស់បច្ចេកវិទ្យា AI នៅពេលបច្ចុប្បន្ន។