(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេលជាង ១០ខែ លីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ បានឈានដល់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ចុងក្រោយ នាថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២៥ នេះហើយ គ្រាដែលពិធីលើកពាន នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាទឹកដីរបស់ក្រុមជើងឯក ព្រះខ័នរាជស្វាយរៀង ។

សម្រាប់កម្មវិធីប្រកួតបិទរដូវកាលនេះដែរ នៅថ្ងៃទី១៧ ខែឧសភា មាន ២ប្រកួតរវាងបេក្ខភាព ៥ក្រុមខាងក្រោម(Bottom-5) រួមមានក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមក្រសូងមហាផ្ទៃ នៅកីឡដ្ឋានស្ដាតចាស់ និងក្រុម ISI ដង្កោសែនជ័យ ត្រូវជួបក្រុមភ្ញៀវឡាយហ្វខេត្ដព្រះសីហនុ ។ ការប្រកួតនេះដែរ សំខាន់ជាងគេ គឺក្រុមឡាយហ្វខេត្តព្រះសីហនុ ដែលត្រូវការឈ្នះ ដើម្បីប្រជែងកៅអីលេខ៩ ជាមួយក្រុមគិរីវង់សុខសែនជ័យ ដែលមានប្រៀបជាងក្រុមខ្លាំង ២ពិន្ទុ។

ចំណែកនៅថ្ងៃទី១៨ ខែឧសភា គឺមានការប្រកួតរវាងបេក្ខភាព Top-6 ចំនួន ៣ប្រកួត ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន ។ នេះគ្រាន់តែជាជំនួបបង្គ្រប់កិច្ចប៉ុណ្ណោះ ដ្បិតបច្ចុប្បន្នព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯក គ្រាដែលភ្នំពេញក្រោន ក៏បានរក្សាតំណែងជើងឯករងផ្លូវការផងដែរ ។ ដូច្នេះក្រោយចប់ការប្រកួតនេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំពិធីប្រគល់ពានដល់ក្រុមជើងឯក នៅកីឡដ្ឋានខេត្តស្វាយរៀងតែម្ដង។

រីឯ ២ប្រកួតទៀត គឺក្រុមណាហ្គាវើលដ៏ ត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលក្រុមបឹងកេត និងក្រុមវិសាខា ជួបក្រុមភ្ញៀវអង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍ ។ សម្រាប់វិសាខា គឺបានឈរចំណាត់ថ្នាក់លេខ៣ ដោយស្វ័យប្រវត្ដិ ទោះបីលទ្ធផលការប្រកួចុងក្រោយនេះយ៉ាងណាក៏ដោយ ។ ប៉ុន្ដែជំនួបរវាងណាហ្គាវើលដ៏ និងបឹងកេត ពិតជាសំខាន់ ក្នុងការកំណត់ក្រុមឈរចំណាត់ថ្នាក់លេខ៤ ប្រចាំរដូវកាលនេះ ព្រោះបច្ចុប្បន្នណាហ្គាវើលដ៏ ឈរលេខ៤ បណ្ដោះអាសន្នមាន ៤៣ពិន្ទុ គ្រាដែលបឹងកេត និងអង្គរថាយហ្គឺរ កំពុងតាមពីក្រោយរកបាន ៤០ពិន្ទុស្មើគ្នា៕