(ភ្នំពេញ)៖ ហ្វារពន្លឺសិល្បៈ ដែលជាក្រុមសៀកសហសម័យរបស់កម្ពុជា នឹងវិលត្រឡប់មក និងផ្តល់ការសម្តែងនៅរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៤ ខែឧសភា! ដើម្បីអបអរខួបលើកទី៣០ របស់ណាហ្គាវើលដ៍ ហ្វារពន្លឺសិល្បៈនឹងផ្តល់ជូនការសម្តែង ដែលមានការគាំទ្រជាលក្ខណៈអន្តរជាតិដែលមានចំណងជើងថា «មាសស» នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ រាជធានីភ្នំពេញ។
«មាសស» គឺជាការសម្តែងសៀកបែបកាយសម្ព័ន្ធ ការសម្តែងសិល្បៈ សិល្បៈគំនូរអង្ករកម្ពុជា និងទស្សនីយភាពដ៏គួរឱ្យស្ញប់ស្ញែងជាច្រើនទៀត សម្រាប់ពុកម៉ែបងប្អូន និងទស្សនិកជនចូលទស្សនា និងចង់ដឹងចង់ឈ្វេងយល់អំពីកេរដំណែលដ៏មានតម្លៃរបស់ខ្មែរ។
អង្កររបស់ខ្មែរ ដែលត្រូវបានប្រៀបធៀបទៅនឹងមាសពណ៌ស នឹងត្រូវយកមកបង្កើតជាគំនូរដ៏រស់រវើកដែលរៀបរាប់អំពីកេរដំណែលវប្បធម៌ ការផ្លាស់ប្តូរក្នុងសង្គម និងការរីកចម្រើននានា។ ទស្សនិកជននឹងបានឈ្វេងយល់ អំពីដំណើរជីវិតរបស់ក្មេងប្រុសម្នាក់ ដែលជីវិតរបស់គាត់បានផ្លាស់ប្តូរបន្ទាប់ពីបានធ្វើឱ្យខូចខាត ដល់ក្បួនវេទមន្តរបស់ឪពុករបស់គាត់ដោយចៃដន្យ។
ត្រូវបានបណ្តេញចេញពីភូមិរបស់គាត់ គាត់បានចូលទៅក្នុងពិភពមួយដែលអង្ករ បានក្លាយជារូបិយបណ្ណដ៏មានតម្លៃដែលគ្រប់គ្នាប្រជែង យកបង្កើតជាការលោភលន់ និងភាពអាត្មានិយម។ ការសម្តែងនេះ នឹងរៀបរាប់អំពីការថ្លឹងថ្លែង នៃភាពលោភលន់ និងការទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធ ព្រមទាំងផ្តោតទៅលើការវាយតម្លៃខ្ពស់ ទៅលើកេរដំណែលវប្បធម៌របស់ខ្មែរ។
ការសម្តែងរយៈពេល១ម៉ោងនេះ ក៏មានបង្ហាញជូននូវសិល្បៈនៃការគូរគំនូរផ្ទាល់ពិសេសផងដែរ ដែលវិចិត្រករនឹងបង្កើតរូបគំនូរដ៏អស្ចារ្យ ដោយប្រើអង្ករនៅលើឆាក។ រូបគំនូរទាំងនេះ នឹងត្រូវដាក់លក់បន្ទាប់ពីការសម្តែងដោយប្រាក់ ដែលប្រមូលបានពីការលក់ នឹងត្រូវយកទៅផ្គត់ផ្គង់ក្រុមសៀកទាំងមូល។
ជាលើកដំបូងក្នុងរាជធានីភ្នំពេញ ទស្សនិកជននឹងបានទស្សនាការសម្តែងសៀកដ៏អស្ចារ្យនេះ ពេញលេញដែលកាលពីមុន ការសម្តែងនេះ ត្រូវបានបង្ហាញរយៈពេលខ្លីជាងនេះ នៅក្នុងកម្មវិធីផ្សេងៗ។ ការសម្តែងនេះ នឹងត្រូវធ្វើឡើងនៅសាលមហោស្រព NABA ដែលការសម្តែងពិសេសនឹងត្រូវផ្តល់ជូនដល់សិស្សានុសិស្ស មកពីអង្គការក្រៅរដ្ឋាភិបាល និងសាលារៀន ដែលបានចូលរួមសកម្មភាពសង្គម និងការងារទំនួលខុសត្រូវសង្គមនៅក្នុងសប្តាហ៍តែមួយ។
បន្ទាប់មក នឹងមានការសម្តែងដែលលក់សំបុត្រសម្រាប់សាធារណជនទូទៅ ដែលការសម្តែងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង៥ល្ងាច។ មានកៅអីចំនួន ៨០០ ប៉ុណ្ណោះ សម្រាប់ការទស្សនាដោយទិញសំបុត្រ។ សំបុត្រមានតម្លៃ ៤០,០០០រៀល (មនុស្សធំអាយុចាប់ពី ១២ ឆ្នាំ) និង ២០,០០០រៀល (កុមារអាយុ ៦-១១ ឆ្នាំ)។ សម្រាប់សំណួរពាក់ព័ន្ធនឹងសំបុត្រ ឬការទិញសំបុត្រ សូមទាក់ទងទៅកាន់ក្រុមហ្វារពន្លឺសិល្បៈតាមរយៈលេខទូរសព្ទ ០១៥ ៤៩៩ ៤៨០ ឬ ០៩២ ២២៥ ៣២០ ។
គួរបញ្ជាក់ថា សៀកហ្វារ គឺជាផ្នែកមួយនៃក្រុមហ្វារពន្លឺសិល្បៈដែលការសម្តែងពណ៌នាអំពីសិល្បៈ របាំ តន្ត្រី និងសៀក។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្នុងខេត្តបាត់ដំបង ក្រុមសៀកនេះជួយលើកស្ទួយយុវជនដែលមានជីវភាពខ្វះខាតដោយផ្តល់ការអប់រំ និងសិល្បៈដោយឥតគិតថ្លៃ។ ផ្តល់ជូនការសម្តែងជាង ៥០ នៅទូទាំងពិភពលោកដូចជា ទ្វីបអឺរ៉ុប អាហ្វ្រិក អាម៉េរិក ទ្វីបអាស៊ី និងអូស្ត្រាលី ក្រុមហ្វារបានបង្ហាញភាពច្នៃប្រតិដ្ឋរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងរឭកដឹងគុណដល់កេរដំណែលវប្បធម៌របស់ខ្មែរដល់ទស្សនិកជន និងអ្នកដែលស្រឡាញ់វប្បធម៌គ្រប់វ័យ។
ក្នុងនាមជាអ្នកគាំទ្រ និងលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ ណាហ្គាវើលដ៍ បានរៀបចំការសម្តែងធំៗចំនួន ៤ ដោយក្នុងនោះមានការសម្តែងចំនួន ៣ ផ្តល់ជូនសម្រាប់សហគមន៍ ដែលជាផ្នែកមួយនៃការអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ពេញមួយខែចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ការសម្តែងនេះ គឺជាការសម្តែងទី៣ នៅសាលមហោស្រព NABA។
ណាហ្គាវើលដ៍ផ្តល់ជូនការបញ្ចុះតម្លៃពិសេស ២០% សម្រាប់ទស្សនិកជនដែលអញ្ជើញទៅពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរ នៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញសំបុត្រ ឬទស្សនិកជនអាចអញ្ជើញទៅទស្សនាភូមិវប្បធម៌ខ្មែរ ដែលមានលក់អាហារសម្រន់ និងភេសជ្ជៈតម្លៃ ៨,០០០រៀល និងផលិតផលសិប្បកម្មម៉ាកល្បីៗ ក្នុងស្រុកជាច្រើនប្រភេទ។
សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន និងការសម្តែងសិល្បៈក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ជាមួយនឹងពាក្យ #NagaWorld30៕