(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានធ្វើការចោទប្រកាន់លោក Gianni Infantino ប្រធាន FIFA ថាទទួលបានផលប្រយោជន៍ជាឯកជនតាមរយៈនយោបាយ បន្ទាប់ពីមកចូលរួមសមាជយឺតដល់ទៅជាង ២ម៉ោងនៅក្នុងប្រទេសប៉ារ៉ាហ្គាយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Infantino ដែលបានកាន់តួនាទីប្រធាន FIFA តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ មកនោះ បានរួមដំណើរជាលក្ខណៈការទូតជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ទៅតំបន់មជ្ឈឹមបូព៌ានាពេលថ្មីៗនេះ ដែលជាហេតុធ្វើឱ្យលោកមកចូលរួមសមាជយឺតដល់ទៅ ២ម៉ោង និង ១៧នាទីឯណោះ។
លោក Infantino បានស្រាយបញ្ជាក់ថា ការដែលលោកមកចូលរួមសមាជប្រចាំឆ្នាំរបស់ FIFA យឺតនេះ «គឺដោយសារលោកជាប់រវល់ពីការធ្វើបទបង្ហាញពីសារៈសំខាន់នៃបាល់ទាត់នៅចំពោះមុខថ្នាក់ដឹកនាំនយោបាយ និងសេដ្ឋកិច្ចពិភពលោកនានា»។
ទោះជាយ៉ាងណា លោក Aleksander Ceferin ប្រធាន UEFA ដែលបានដឹកនាំក្រុមនៅប្លុកអឺរ៉ុប រួមទាំងសហព័ន្ទដទៃទៀត បាននាំគ្នាដើរចេញពីសមាជនៅអំឡុងពេលអាហារសម្រន់ ដើម្បីជាការប្រឆាំងទៅនឹងបុរសវ័យ ៥៥ឆ្នាំសញ្ជាតិស្វីស-អ៉ីតាលី ដែលញាំងឱ្យមានកៅអីទំនេរច្រើននៃសមាជដែលត្រូវបានធ្វើឡើងក្នុងរដ្ឋធានីប៉ារ៉ាហ្គាយ នៅពេលចាប់ផ្តើមឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA បានឱ្យដឹងថា «១វិនាទីចុងក្រោយត្រូវបានផ្លាស់ប្តូរ។ គ្រប់យ៉ាងបានត្រឹមខកចិត្ត។ សមាជប្រចាំ FIFA គឺជាអង្គប្រជុំដ៏មានសារៈសំខាន់បំផុត ក្នុងចំណោមសមាជិកសរុប ២១១ប្រទេសមកពីគ្រប់តំបន់ ដើម្បីជួបពិភាក្សាគ្នាអំពីផលប៉ះពាល់ និងអំណាចផ្សេងៗក្នុងបាល់ទាត់»៕