(លីវើភូល)៖ ក្រុមជើងឯកលីគអង់គ្លេស Premier League រដូវកាលនេះ Liverpool បានត្រៀមខ្លួនរួចរាល់ហើយ ក្នុង ការទិញផ្តាច់កិច្ចសន្យា Jeremie Frimpong របស់ក្លិប Bayer Leverkusen ដែលមានតម្លៃត្រឹមតែ ៣៥លានអឺរ៉ូប៉ុណ្ណោះ។

ខ្សែការពារវ័យ ២៤ឆ្នាំដែលអាចលេងបានទាំងការពារស្តាំផងនោះ បានក្លាយជាគោលដៅចុះកិច្ចសន្យាដំបូងគេសម្រាប់ រដូវក្តៅនេះ ស្របពេលរូបគេ ក៏មានទំនោរចង់មកចូលរួមជាមួយអ្នកចាត់ការទូទៅសញ្ជាតិហូឡង់ លោក Arne Slot ទៀតផង។

ប្រសិនបើការចរចាឆាប់ៗនេះទទួលបានជោគជ័យ នោះ Frimpong ដែលកំពុងស្ថិតក្នុងក្រុមជម្រើសជាតិទឹកក្រូចហូឡង់ នឹងអាចមកជំនួសកន្លែងរបស់ Trent Alexander-Arnold ត្រៀមចាកចេញពី Anfield ពេលចប់រដូវកាលនេះ ដើម្បីបានទៅចូលរួមជាមួយ Real Madrid។

Frimpong ជាអតីតកីឡាករចេញពីយុវជនថ្នាលលេចធ្លោមួយរូបរបស់ Manchester City ដោយបានចាកចេញទៅលេងឱ្យ Celtic មុនពេលចាកចេញទៅលេងឱ្យ Leverkusen ក្នុងឆ្នាំ២០២១ និងបានរួមចំណែកជួយក្លិបអាល្លឺម៉ង់មួយនេះសម្រេចគោលដៅ តាមរយៈឈ្នះជើងឯកលីគ Bundesliga ជាលើកដំបូងរបស់ពួកគេកាលឆ្នាំ២០២៤៕