(ឡុងដ៍)៖ ខ្សែប្រយុទ្ធជួរមុខ Jamie Vardy នឹងបង្ហាញខ្លួនសម្រាប់ ១ប្រកួតចុងក្រោយជាមួយក្លិបកញ្ជ្រោងខៀវ Leicester City នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ នាកីឡដ្ឋាន King Power ជាជាងលេងបញ្ចប់រដូវកាលនេះ នៅក្នុងផ្ទះរបស់ AFC Bournemouth។

ក្លិបបានប្រកាសថា ខ្សែប្រយុទ្ធអង់គ្លេស Vardy នឹងចូលលេងក្នុងប្រកួតទី៥០០ សម្រាប់ Leicester ទល់នឹងក្រុមដែលបានកាត់ចេញពី Premier League ទៅហើយគឺ Ipswich Town និងជា ១ប្រកួតចុងក្រោយរបស់គាត់ និងកំពុងស្វែងរកគ្រាប់ទី២០០ ផងដែរនាថ្ងៃចុងសប្តាហ៍នេះ។

នៅចាំបានថា ខ្សែប្រយុទ្ធជើងចាស់ វ័យ ៣៨ឆ្នាំ Vardy បានទម្លាយពីការចាកចេញពី Leicester នៅចុងបញ្ចប់រដូវកាលនេះ ក្រោយពេលរួមរស់អស់ ១៣ឆ្នាំទៀតផង។

ទន្ទឹមគ្នានោះ ក្លិបក៏មានគម្រោងបង្កើតកម្មវិធីលាគ្នា ចំពោះកីឡាករនិម្មិតរូបរបស់ពួកគេដែរ ដែលបានរួមចំណែកជួយឈ្នះជើងឯក Premier League និងពាន FA Cup កាលឆ្នាំ២០១៦៕