(ម៉ាឌ្រីដ)៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានទិញផ្តាច់កិច្ចសន្យាចំពោះខ្សែការពារវ័យក្មេង Dean Huijsen ពីក្លិប AFC Bournemouth ក្នុងតម្លៃ ៥០លានផោន ដើម្បីឱ្យបានទាន់ពេលលេងពាន FIFA Club World Cup នាខែក្រោយនេះនៅសហរដ្ឋអាមេរិក។
ជាមួយគ្នានោះ កីឡាករវ័យទើបតែ ២០ឆ្នាំសញ្ជាតិហូឡង់រូបនេះ បានព្រមព្រៀងស៊ីញ៉េកិច្ចសន្យារយៈពេល ៥ឆ្នាំ ក្នុងកីឡដ្ឋាន Santiago Bernabeu។
ជាការកត់សម្គាល់ផងដែរ សម្រាប់តម្លៃទិញផ្តាច់កិច្ចសន្យានេះដែរគឺ Real Madrid ត្រូវបង់រំលោះជា ៣ដំណាក់កាលទៅឱ្យក្លិបលេងនៅ Premier League បច្ចុប្បន្ន ស្របពេលអតីតក្លិបចាស់របស់គេ ២ផ្សេងទៀត ពោលគឺ Juventus ក៏ទទួលបាន ១០% និងក្លិប Malaga ក៏នឹងទទួលបាន ៥% ផងដែរ។
កន្លងមក Huijsen មានការចង់បានពីសំណាក់ក្លិបធំៗដល់ទៅ៧ មុនពេលរូបគេសម្រេចចិត្តជ្រើសរើសយក Real Madrid ក្នុងនោះដែរក៏មានក្លិបធំ៤ លេងក្នុងលីគកំពូលអង់គ្លេសបច្ចុប្បន្នរួមមាន Chelsea, Liverpool, Arsenal និង Newcastle United។
Huijsen ចូលរួមជាមួយអធិរាជស ពោលគឺបានវិលត្រឡប់ទៅទឹកដីអេស្ប៉ាញវិញ ជាទីកន្លែងដែលរូបគេធំដឹងក្តី ដោយចេញពីថ្នាលនៃក្លិប Costa Unida CF ស្ថិតក្នុងទីក្រុង Marbella និងបានលេងក្នុងឈុតយុវជនរបស់ Malaga ទៀតផង៕