(ម៉ូនិច)៖ ក្រុមខ្លារខិន Bayern Munich បានយកឈ្នះ Hoffenheim ៤ទល់នឹង០ នៅថ្ងៃបិទបញ្ចប់រដូវកាលនេះ ក្នុងនាមជាក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga និងជា ១ប្រកួតចុងក្រោយផងដែរសម្រាប់ខ្សែប្រយុទ្ធ Thomas Muller មុនពេលចាកចេញ។
តារាឆ្នើមដែលបានរួមចំណែកជួយឥន្រ្ទីដែកអាល្លឺម៉ង់ឈ្នះជើងឯក World Cup 2014 នៅប្រេស៊ីល បានលើកដៃលាអ្នកគាំទ្រ និងសមាជិកក្រុមផងដែរ ក្រោយចប់ការប្រកួត បន្ទាប់ពីកីឡាករវ័យ ៣៥ឆ្នាំរូបនេះ ឈ្នះជើងឯក Bundesliga ១៣លើកជាមួយ Bayern និងពានអឺរ៉ុប UEFA Champions League ២លើកទៀតផង។
ក្រៅពី Muller វាក៏ជា ១ប្រកួតចុងក្រោយរបស់ខ្សែការពារ Eric Dier អតីតមិត្តរួមក្រុមចាស់របស់ Harry Kane ក្នុងក្លិប Tottenham Hotspur ផងដែរ មុនពេលចាកចេញទៅចូលរួមជាមួយ Monaco របស់បារាំង ដោយគ្មានតម្លៃផ្ទេរ។
មុនពេលចាកចេញ Muller បានបន្សល់ទុក ២៤៨គ្រាប់ឈរនៅលំដាប់លេខ៣ ប្រចាំក្លិប Bayern Munich ក្នុងនាមអ្នកស៊ុតច្រើនជាងគេគ្រប់ពេល៕