(ភ្នំពេញ)៖ អបអរសាទរ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ម៉ាប់ សុខហួយ បានឈ្នះខ្សែក្រវាត់ Absolute Pro Championship ក្នុងព្រឹត្តិការណ៍ AFG Open Championship ដែលប្រព្រឹត្តទៅនៅថ្ងៃទី 17-18 ខែឧសភា ឆ្នាំ2025 នៅសាកលវិទ្យាល័យ Rangsit ក្នុងទីក្រុងបាងកក ប្រទេសថៃ។
អ្វីដែលអស្ចារ្យវិញ្ញាសា Absolute Pro Division គឺជាវិញ្ញាសាតម្រូវធ្វើការប្រកួតក្នុងប្រភេទទម្ងន់បើកចំហដែលអត្តពលិកគ្រប់វិញ្ញាសាទម្ងន់ត្រូវប្រឈមមុខគ្នា ខណៈ សុខហួយ បានចូលប្រកួតទាំងខ្លួនមានមាឌតូច និងទម្ងន់ស្រាលបំផុតក្នុងចំណោមកីឡាការិនីផ្សេងក្នុងវិញ្ញាសានេះ។
ស្ថិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សុខហួយ បានប្រកួតជាមួយកីឡាការិនី Lucy Greenway ដែលជាកីឡាការិនិម្ចាស់ខ្សែក្រវាត់ខ្មៅមកពីប្រទេស Wales ដោយយកឈ្នះដោយពិន្ទុ បន្ទាប់ពីការប្រកួតពេញ ៨នាទី។ ខណៈនៅវគ្គផ្តាច់ព្រ័ត្រ សុខហួយ បានយកឈ្នះកីឡាការនីលំដាប់កំពូលរបស់ម៉ាឡេស៊ី Mia Foo ដោយពិន្ទុ បន្ទាប់ពីការប្រកួតរយៈពេល ៨នាទីទៀត។
នេះជាខ្សែក្រវាត់ជើងឯក AFG លើកដំបូងរបស់កម្ពុជា និងបង្ហាញពីសមត្ថភាពបច្ចេកទេស និងភាពហ្មត់ចត់របស់កីឡាការិនីកម្ពុជា សុខហួយ នៅលើឆាកអន្តរជាតិ។
តាមរយៈសហព័ន្ធ «យើងខ្ញុំសូមចូលរួមអបអរសាទរចំពោះ ម៉ាប់ សុខហួយ ចំពោះលទ្ធផលដ៏ល្អឥតខ្ចោះនេះ ហើយមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់នាង តំណាងឱ្យប្រទេសកម្ពុជាប្រកបដោយភាពអស្ចារ្យទៅតាមទម្រង់ផ្សេងៗ» ៕