(រ៉ូម)៖ កីឡាករវាយកូនបាល់ទោល Carlos Alcaraz បានផ្តួលគូប្រជែងម្ចាស់ផ្ទះ Jannik Sinner ដោយលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ដើម្បីគ្រងជើងឯកពាន Italian Open 2025 នៅប្រទេសអ៉ីតាលី។

ជើងខ្លាំងរបស់អេស្ប៉ាញរូបនេះ បានយកឈ្នះកីឡាករលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Sinner ទាំង ៤លើកចុងក្រោយតែម្តង និងបញ្ចប់កំណត់ត្រាលេងមិនចាញ់ត្រឹម ២៦ប្រកួតរបស់ Sinner ផងដែរ។

វាក៏ជាការបង្ហាញខ្លួនលើកដំបូងឡើងវិញផងដែរសម្រាប់ Sinner ក្រោយពេលរួចបម្រាម ៣ខែពីបទពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង ដែលធ្វើពុំបានសម្រេចពីការព្យាយាមឈ្នះជើងឯក Italian Open ជាលើកដំបូង គិតចាប់តាំងពី Adriano Panatta ធ្វើបានក្នុងឆ្នាំ១៩៧៦។

ក្រោយពីប្រកួតប្រកបដោយភាពតានតឹង និងឈានដល់វាយ tie-break ក្នុងសិតទី១ ៧-៦ (៧-៥) មក អតីតជើងឯកក្នុងក្របខណ្ឌកំពូល Grand Slam ៤សម័យកាល Alcaraz ហាក់យកបានជ័យជម្នះដោយស្រួលក្នុងសិតទី២ ដោយលទ្ធផលពិន្ទុ ៦ទល់នឹង១ នៃវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងលើទីលានដីឥដ្ឋ ស្ថិតក្នុងទីក្រុង Rome៕