(បរទេស)៖ នៅក្នុងចំណាត់ថ្នាក់ម៉ាកយីហោសកលដែលមានតម្លៃបំផុតរបស់កម្មវិធី Kantar BrandZ ឆ្នាំ២០២៥ ត្រូវបានរាយការណ៍មកថា ក្រុមហ៊ុន Apple គឺជាម៉ាកយីហោដ៏មានតម្លៃបំផុតរបស់ពិភពលោកសម្រាប់រយៈពេល ៣ ឆ្នាំជាប់ៗគ្នា ជាមួយនឹងតម្លៃម៉ាកដែលបានប៉ាន់ប្រមាណប្រហែល ១.២៩ ពាន់ពាន់លានដុល្លារ ពោលគឺកើនឡើង ២៨% ពីឆ្នាំ២០២៤។
យោងតាមការចេញផ្សាយបន្តដោយ GSMArena បានបង្ហាញថា នេះធ្វើឱ្យ Apple ក្លាយជាម៉ាកយីហោតែមួយគត់ដែលមានតម្លៃជាង ១ ពាន់ពាន់លានដុល្លារ ហើយមានច្រើនជាង ១២% នៃតម្លៃសរុបរបស់ម៉ាកយីហោកំពូលទាំង ១០០ ដែលសរុបមានតម្លៃ ១០.៧ ពាន់ពាន់លានដុល្លារ។
របាយការណ៍បានឱ្យដឹងទៀតថា បន្ទាប់ពីក្រុមហ៊ុន Apple ម៉ាកយីហោដែលមានតម្លៃបំផុតទីពីរ និងទីបីគឺ Google និង Microsoft ដែលមានតម្លៃប្រហែល ៩៤៤ ពាន់លានដុល្លារ និង ៨៨៥ ពាន់លានដុល្លាររៀងគ្នា។ ទន្ទឹមនឹងនេះ Amazon ឈរនៅចំណាត់ថ្នាក់បន្ទាប់ជាមួយនឹងតម្លៃប្រហែល ៨៨៦ ពាន់លានដុល្លារ ខណៈ Nvidia មានតម្លៃ ៥០៩ ពាន់លានដុល្លារ។ ដោយឡែកម៉ាកល្បីៗផ្សេងទៀតដែលស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ១០ រួមមាន Facebook, Instagram, McDonald's, Oracle និង Visa ជាដើម។
គួរជម្រាបថា Kantar BrandZ គឺជាកម្មវិធីវាយតម្លៃម៉ាកយីហោឈានមុខគេ ដែលចាត់ចំណាត់ថ្នាក់ម៉ាកយីហោដ៏មានតម្លៃបំផុតរបស់ពិភពលោក ដោយផ្អែកលើការរួមបញ្ចូលគ្នានៃប្រតិបត្តិការហិរញ្ញវត្ថុ និងទិន្នន័យការយល់ឃើញបស់អ្នកប្រើប្រាស់៕