(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូន និងរថយន្តអគ្គិសនីរបស់ចិន Xiaomi បានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួនគ្រោងនឹងវិនិយោគយ៉ាងហោចណាស់ ៥០ ពាន់លានយ័ន ដែលប្រហែលនឹង ៦.៩ ពាន់លានដុល្លារអាមេរិក ក្នុងការរចនាបន្ទះឈីប ក្នុងរយៈពេលយ៉ាងតិច ១០ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥។
ទំហំទឹកប្រាក់វិនិយោគនេះ ត្រូវបានលើកឡើងដោយស្ថាបនិក Xiaomi លោក Lei Jun តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Weibo ។ អ្នកតំណាង Xiaomi បានប្រាប់ Reuters ថា គម្រោងវិនិយោគក្នុងទឹកប្រាក់ ៥០ ពាន់លានយ័ននេះ គឺចាប់ផ្តើមពីឆ្នាំ ២០២៥នេះតែម្ដង។
កន្លងមក Xiaomi បានវិនិយោគ ១៣.៥ ពាន់លានយ័ន ដើម្បីអភិវឌ្ឍបន្ទះឈីបចល័តកម្រិតខ្ពស់ XringO1 ដោយខ្លួនឯង នេះបើយោងតាមការបញ្ជាក់របស់លោក Lei នៅលើសារដែលបានបង្ហោះ និងបានបន្ថែមថា ផ្នែករចនាបន្ទះឈីបរបស់ខ្លួនមានបុគ្គលិកជាង ២៥០០ នាក់៕