(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូជម្រើសជាតិកម្ពុជា បានបំបែកកំណត់ត្រាមេដាយឆ្នាំចាស់ នៅក្នុងជុំទី១ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក និងទ្វីបអាស៊ី WGP#1 Water Jet World Series and Asian Championship ឆ្នាំ២០២៥ នៅទីក្រុង Osaka ប្រទេសជប៉ុន ក្រោយដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ៤ និងប្រាក់ ២) ដ្បិតកាលពីឆ្នាំមុន កម្ពុជាឈ្នះត្រឹមមេដាយ ៥គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១) ប៉ុណ្ណោះ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានចែកជាការប្រកួតកម្រិតពិភពលោក សម្រាប់អត្តពលិកទូទៅ និងកម្រិតទ្វីបអាស៊ី សម្រាប់អត្តពលិកក្នុងទ្វីបអាស៊ីនេះ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានអត្តពលិកខ្លាំងៗជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានកីឡាករវ័យក្មេងកម្ពុជា ៥រូបចូលរួមផងដែរ ដែលដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ៦គ្រឿង ក្នុងនោះមាន៖ កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ២គ្រឿង លើវិញ្ញាសារ Amateur Runabout 1100 Stock និងវិញ្ញាសា Pro Sport GP ព្រមទាំងមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសារ PRO-AM Runabout 1100 Open។

ជាមួយគ្នានោះ កីឡាករ ម៉ីន អូស្មាន់ ឈ្នះមេដាយមាស ១គ្រឿង លើវិញ្ញាសារ Novice Ski Stock និងមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសារ Amateur Ski 4 Stroke lites និងកីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស ១គ្រឿង លើវិញ្ញាសារ Amateur Ski 4 Stroke lites។

បន្ទាប់ពីបញ្ចប់ជុំទី១ ក្រុមកីឡាម៉ូតូកម្ពុជា នឹងត្រូវត្រៀមការប្រកួតជុំទី២ សម្រាប់ព្រឹត្តិការណ៍ WGP#1 Water Jet World Series 2025 នៅប្រទេសប៊ែលហ្សិក ចាប់ពីថ្ងៃទី២៤-២៧ ខែកក្កដា ឆ្នាំ២០២៥ និងត្រៀមការប្រកួតជុំទី៣ ដែលជាជុំផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៧-២១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកំណត់កីឡាករជយាលាភីរួមសម្រាប់ពានរង្វាន់ពិភពលោក ។

មួយវិញទៀត ការប្រណាំងជុំចុងក្រោយ នៅប្រទេសថៃ ក៏ជាការប្រកួតជុំទី២ សម្រាប់ព្រឹត្តិការណ៍ Jet Ski Asian Championship 2025 ដើម្បីបូកពិន្ទុសរុបជាមួយជុំទី១ ក្នុងការស្វែងរកកីឡាករជយលាភីប្រចាំទ្វីបអាស៊ីផងដែរ៕