(ភ្នំពេញ)៖ លោក Gabor Borsanyi ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុអន្ដរជាតិ(Teqball) បានប្ដេជ្ញា និងសន្យាធ្វើការជាមួយអាជ្ញាធរ និងសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ក្នុងការជួយជំរុញការអភិវឌ្ឍ និងការត្រៀមលក្ខណៈឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ នៅកម្ពុជា។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីអនុញ្ញាតឲ្យប្រធានសហព័ន្ធកីឡា Teqball អន្ដរជាតិខាងលើ ចូលជួបពិភាក្សាការងារ នៅទីស្នាក់ការ NOCC នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កិច្ចប្រជុំនេះ បានពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់គ្នា ជាមួយលទ្ធផលវិជ្ជមាន ដោយភាគីទាំងសងខាង បានយល់ស្របលើចំណុចជាច្រើន ក្នុងការពួតដៃគ្នាធ្វើការអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុនៅកម្ពុជា ដែលជាប្រភេទកីឡាថ្មីមួយ ត្រូវនឹងចំណង់ចំណូលចិត្តរបស់យុវវ័យ សម្រាប់ផ្នែកកីឡាលេងជាមួយបាល់។

សម្រាប់សមិទ្ធផលនៃកិច្ចពិភាក្សា រវាងមន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជាមួយប្រធានសហព័ន្ធកីឡា Teqball អន្ដរជាតិ ខាងលើ រួមមាន៖

១. ផែនការអភិវឌ្ឍ៖ ការបណ្ដុះបណ្ដាល និងបញ្ជ្រាបសកម្មភាពលើកីឡាបាល់ទាត់លើតុ តាមស្ថាប័នគ្រប់គ្រងកីឡា និងសាលារៀនានា ។ ការងារនេះ ស្ថាប័នអន្ដរជាតិ នឹងធ្វើការផ្ទាល់ជាមួយសហព័ន្ធជាតិ ដើម្បីផ្ដល់នូវសម្ភារ និងការបណ្ដុះបណ្ដាលដល់មន្ដ្រីបច្ចេកទេសជាដើម។

២. សហព័ន្ធកីឡា Teqball អន្ដរជាតិ សន្យានឹងផ្ដល់នូវការចូលរួម និងការអភិវឌ្ឍធនធានមនុស្សកីឡាបាល់ទាត់លើតុ ដល់សហព័ន្ធកីឡាជាតិកម្ពុជា ដែលជាចំណុចសំខាន់ និងយល់ស្របគ្នា ក្នុងការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការឲ្យទទួលបានជោគជ័យ និងមានការអភិវឌ្ឍន៍ពេញលេញ។

៣. ការផ្លាស់ប្ដូរបច្ចេកទេសទៅវិញទៅមក និងចង់ឲ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតលក្ខណៈអន្ដរជាតិ ក្នុងនោះសហព័ន្ធកីឡា Teqball អន្ដរជាតិ ក៏បានសន្យាជួយជំរុញ និងអភិវឌ្ឍន៍សម្រាប់វិស័យកីឡាបាល់ទាត់លើតុកម្ពុជា ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ។

លោក វ៉ាត់ ចំរើន បន្ថែមទៀតថា តាមរយៈកិច្ចសហការ និងការគាំទ្រពីស្ថាប័នអន្ដរជាតិខាងលើ លោកពិតជាមានសុទិដ្ឋិនិយមថា «យើងសង្ឃឹមថា កីឡាបាល់ទាត់លើតុនេះ នឹងក្លាយទៅជាកីឡាថ្មី និងក្លាយទៅជាចំណាប់អារម្មណ៍ថ្មីមួយទៀត សម្រាប់យុវជន និងកម្ពុជាយើង ដោយសារវាមានភាពងាយស្រួលលេង និងសប្បាយរីករាយ ហើយទាក់ទាញខ្លាំង។ កីឡាបាល់ទាត់លើតុនេះ មានទាំងបាល់ទាត់លើតុ និងកីឡាបាល់ទះលើតុ ។ អ៊ីចឹងកីឡានេះ ស្រួលលេង ហើយការរៀបចំទំហំទីលានវាមិនធំពេក ល្មម អាចបង្កឲ្យមានការទាក់ទាញ និងសប្បាយរីករាយក្នុងការលេងកម្សាន្ដផងដែរ»

«ហេតុនេះ ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានកីឡា សហព័ន្ធជាតិ និងភាគីពាក់ព័ន្ធទាំងអស់ គឺបានយល់ស្របគ្នា ក្នុងរការបង្កើតនូវផែនាករយុទ្ធសាស្ដ្រមួយ សម្រាប់យើងរៀបចំផែនការសកម្មភាពក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់លើតុ និងកីឡាបាល់ទះលើតុនេះឲ្យមានភាពជាក់លាក់ ហើយយើងនឹងរៀបចំឲ្យមានគ្រូបង្វឹក រៀបចំពីកម្មវិធីហ្វឹកហាត់ ក៏ដូចជាគរុកោសល្យក្នុងការបង្ហាត់នៅកីឡាលើតុនេះ សម្រាប់រាយការណ៍ទៅកាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីស្នើសុំការគាំទ្រផ្នែកច្បាប់ និងការជំរុញការអភិវឌ្ឍនេះនៅកម្ពុជា»