(មីឡាន)៖ ការរកម្នាក់ត្រឹម ១ពិន្ទុដូចគ្នាពីការប្រកួតក្នុងសប្តាហ៍ទី៣៧ ពីសំណាក់ក្រុមកំពូលតារាង Napoli និងក្រុមការពារតំណែងជើងឯក Inter Milan នាំឱ្យការប្រកួតឈានដល់ថ្ងៃបិទរដូវកាលចុងសប្តាហ៍នេះតែម្តង ទើបរកម្ចាស់ពានឃើញ។

Inter បានខកខានឡើងទៅឈរទីកំពូលតារាង Serie A នៅពេលបញ្ចប់លទ្ធផលស្មើ ២-២ ទល់នឹងភ្ញៀវ Lazio នាយប់មិញក្នុងកីឡដ្ឋាន San Siro ជាទីដែលពួកគេបានលើកពានលីគកំពូលរបស់អ៉ីតាលីកាលពីរដូវកាលមុន ស្របពេល Napoli បន្តឈរកំពូលតារាងដដែល ពេលលេងស្មើ ០-០ នៅក្នុងផ្ទះរបស់ Parma។

Inter Milan ដែលត្រៀមលេងផ្តាច់ព្រ័ត្រ ដណ្តើមពាន UEFA Champions League 2024-25 នាដើមខែក្រោយទល់នឹង Paris Saint Germain រកបាន ៧៨ពិន្ទុ ក្រោយឆ្លងកាត់ ៣៧ប្រកួត ចាញ់ប្រៀបក្រុមពពកស Napoli របស់លោក Antonio Conte ១ពិន្ទុ។

Inter នឹងរងសម្ពាធ ដោយពុំមានវត្តមានគ្រូបង្វឹក Inzaghi និងគ្រូជំនួយដឹកនាំដោយផ្ទាល់ឡើយ ដោយសាររងពិន័យកាតក្រហមកាលពីថ្ងៃអាទិត្យ ដ្បិតពួកគេត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Como 1907 នាម៉ោង ៨យប់ថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅថ្ងៃបិទបញ្ចប់រដូវកាល គាប់ជួន Napoli អតីតជើងឯកលីគចុងក្រោយកាលឆ្នាំ២០២៣ ស្វាគមន៍ភ្ញៀវ Cagliari ក្នុងទឹកដីរបស់ពួកគេ៕