(ភ្នំពេញ)៖ ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១៧-១៨ ខែឧសភាកន្លងទៅ ខណៈប្រធានសហព័ន្ធ បានលោក សុខ ពុទ្ធិវុធ បានចាត់ទុកព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាឱកាសដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ខាងមុខ។
ថ្លែងក្នុងពិធីបិទការប្រកួតខាងលើ លោក សុខ ពុទ្ធិវុធ បានវាយតម្លៃខ្ពស់ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ ទោះបីការប្រកួតមានឈ្នះ-ចាញ់ ក៏លោកបានជំរុញ និងលើកទឹកចិត្តឲ្យពួកគេបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ពិសេសសម្រាប់អ្នកជាប់ជយលាភី ត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិនានា។
លោកបន្ដថា «ការរៀបចំឲ្យមានការប្រកួតលើកនេះ គឺដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំ និងដកពិសោធន៍ បច្ចេកទេស ព្រមទាំងពង្រឹងសមត្ថភាពរបស់កីឡាករ-កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ នាខែធ្នូ។ ដូចនេះ ខ្ញុំសូមលើកទឹកចិត្តជាពិសេសបំផុតដល់កីឡាករ-កីឡាការិនីរបស់យើងគ្រប់ៗរូប សូមធ្វើយ៉ាងណា ខិតខំ តស៊ូ ហ្វឹកហាត់ឲ្យបានច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីអាចនាំយកមេដាយជូនជាតិ មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា»។
ទន្ទឹមជាមួយការប្រកួតនេះដែរ កីឡាករ ហោ មុន្នីរតនៈ ម្ចាស់ជយលាភីលេខ១ លើវិញ្ញាបាញ់ប្រតិកម្ម Production Optic ( 4 Stages) បានសម្ដែងការសប្បាយរីករាយជាខ្លាំង ចំពោះកំណើនអ្នកចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ។ ម្ចាស់មេដាយមាសរូបនេះ បន្ដថា «ការប្រកួតថ្នាក់ជាតិនេះ ពិតជាសំខាន់ ព្រោះប្រមូលផ្ដុំដោយកីឡាករខ្លាំងៗមកធ្វើការប្រកួត ហើយពេលយើងបានឈ្នះលេខ១ សបញ្ជាក់ពីសមត្ថភាពរបស់យើង និងជំរុញឲ្យយើងកាន់តែខំប្រឹង ដើម្បីឈានទៅរកការប្រកួតប្រជែងមួយថ្មីទៀត គឺការប្រកួតអន្ដរជាតិ នៅថ្ងៃអនាគត ពិសេសស៊ីហ្គេម នៅថៃចុងឆ្នាំនេះ»៕