(បរទេស)៖ មហាសេដ្ឋីបច្ចេកវិទ្យា និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានបង្ហាញនូវការយល់ឃើញរបស់គាត់អំពីពិភពនៃបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើន ដោយចង្អុលបង្ហាញការងារចំនួនបីដែលគាត់ជឿថា នឹងនៅតែមានភាពធន់នឹងការរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសគឺពិបាកជំនួសដោយ AI។

ថ្លែងប្រាប់កាសែត Indian Express លោក Gates បានចែករំលែកការជឿជាក់របស់គាត់ថា ជំនាញពិសេសខាងជីវវិទូ, អ្នកជំនាញផ្នែកថាមពល និងអ្នកសរសេរកម្មវិធី (Programmers) នឹងអាចរក្សាការងាររបស់ពួកគេពីការជំនួសដោយ AI ដែលការលើកឡើងរបស់មហាសេដ្ឋីរូបនេះ បានបង្កឱ្យមានការពិភាក្សាយ៉ាងច្រើន​នៅទូទាំងពិភពលោក។

លោក Gates បានអះអាងថា ជីវវិទូមានសារៈសំខាន់ជាមូលដ្ឋានសម្រាប់វឌ្ឍនភាព និងការរកឃើញរបស់មនុស្ស ដែលជំរុញដោយដំណើរការច្នៃប្រឌិត និងវិចារណញាណ ដែលពិតជាមានភាពខុសប្លែកពីបញ្ញាសិប្បនិម្មិត (AI) ក្នុងការយល់ និងចម្លងទាំងស្រុង។

ក្នុងនាមជាស្រាវជ្រាវ និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាមួយរូប ​លោក Gets បានអះអាងយ៉ាងមុតមាំថា ខួរក្បាលរបស់មនុស្សមានសមត្ថភាពខ្ពស់ក្នុងការបង្កើតសម្មតិកម្ម និងបញ្ញា​ ដែលវាមានសារៈសំខាន់បំផុតក្នុងការស្រាវជ្រាវ និងសិក្សា ហើយវាក៏ជាចំណុចមួយដ៏សំខាន់សម្រាប់មនុស្សជាតិក្នុងការយកវាទៅប្រើប្រាស់ដើម្បីធ្វើការអភិវឌ្ឍន៍​តទៅមុខ។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ លោក Bill Gates ក៏បានអះអាងផងដែរថា បញ្ញាសិប្បនិម្មិត (AI) អាចជំនួសវេជ្ជបណ្ឌិត គ្រូបង្រៀន អ្នកជំនាញសុខភាពផ្លូវចិត្ត និងអ្វីៗជាច្រើនទៀតក្នុងរយៈពេល ១០ឆ្នាំខាងមុខ៕⁩