(បរទេស)៖ គ្រូបង្វឹក Francesco Farioli បានលាឈប់ដឹកនាំក្លិប Ajax តែម្តង នៅពេលបញ្ចប់រដូវកាលនេះ ដ្បិតក្រុមរបស់លោកបានទទួលលទ្ធផលក្រឡាប់ចាក់ ពីការខកខានឈ្នះជើងឯក Eredivisie រួចមក។
Ajax បាននាំមុខកំពូលតារាងដាច់ដល់ទៅ ៩ពិន្ទុ ដោយសល់ ៧ប្រកួតបិទរដូវកាលឆ្នាំ២០២៤-២៥ ក៏ប៉ុន្តែរហូតដល់ថ្ងៃបិទរដូវកាលនារាត្រីថ្ងៃអាទិត្យ ពួកគេបែរជាខកខានទៅវិញ ដោយសារចាញ់ប្រៀបក្រុម PSV Eindhoven ដែលជាជើងឯកនោះ ១ពិន្ទុទៅវិញ។
ភ្លាមៗនោះដែរ គ្រូបង្វឹកសញ្ជាតិអ៉ីតាលី វ័យ ៣៦ឆ្នាំ Farioli បានសម្រេចចិត្តលាឈប់តែម្តង បន្ទាប់ពីដឹកនាំទើបបានតែ ១រដូវកាល ក្នុងចំណោមកិច្ចសន្យា ៣ឆ្នាំរបស់លោកក្នុងការដឹកនាំ Ajax។
លោក Alex Kroes នាយកបច្ចេកទេសក្លិប Ajax បានថ្លែងថា «ទោះបីពួកយើងបានខកខានឈ្នះជើងឯកលីគក៏ពិតមែន ក៏ប៉ុន្តែក្លិបក៏ទទួលបានជោគជ័យ តាមរយៈមានកៅអីលេងពាន UEFA Champions League ដែរសម្រាប់រដូវកាលក្រោយ ស្ថិតក្រោមការដឹកនាំរបស់លោក Farioli។ ការចាកចេញរបស់លោក គឺធ្វើឱ្យពួកយើងភ្ញាក់ផ្អើលខ្លាំងណាស់»៕