(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសពីការចាកចេញរបស់គ្រូបង្វឹកលោក Pep Munoz គួរឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ បន្ទាប់ពីលោកបានដឹកនាំក្រុម ២រដូវកាល ជាមួយភាពជោគជ័យដ៏អស្ចារ្យ ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានបញ្ជាក់ថា «នៅចុងបញ្ចប់នៃរដូវកាលនេះ លោក Pep Muñoz នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង។ ក្រោមការដឹកនាំរបស់គាត់ ក្លិបបានសម្រេចនូវសមិទ្ធផលក្នុងព្រឹត្តិការណ៍សំខាន់ៗ និងទទួលបានភាពជោគជ័យដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតទាំងក្នុង និងក្រៅប្រទេស»។
ប្រភពខាងលើបន្ដថា «គ្រប់គ្នានៅព្រះខ័នរាជស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Pep សម្រាប់ការចូលរួមដឹកនាំ រៀបចំដ៏បុិនប្រសប់របស់គាត់ ហើយយើងសូមជូនពរគាត់ឲ្យទទួលបានជោគជ័យក្នុងជំហ៊ានបន្ទាប់នៃអាជីពគ្រូបង្វឹករបស់គាត់»។
ការប្រកាសពីការចែកផ្លូវជាមួយគ្រូបង្វឹកដ៏ជោគជ័យនេះ ស្របពេលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើ ទើបដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង លីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា។ ប៉ុន្ដែមុនចាកចេញ លោកនឹងទទួលបន្ទុកដឹកនាំក្រុមសម្រាប់ការប្រកួតចុងក្រោយ ១ប្រកួតទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ជាមួយក្លិបភ្នំពេញក្រោន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមរំឮកថា រយៈពេល ២រដូវកាលក្រោមការដឹកនាំរបស់លោក Pep Munoz ព្រះខ័នរាជស្វាយរៀង បានសម្រេចសមិទ្ធផលដ៏ភ្ញាក់ផ្អើល ពោលគឺបានគ្រងជើងឯកលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា សម្រាប់ឆ្នាំ២០២៣/២៤ និងឆ្នាំ២០២៤/២៥ ក៏ដូចជាការគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ និងត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីការពារជើងឯក រដូវកាលឆ្នាំ២០២៤/២៥ ថែមទៀត។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រ ទាំងក្នុង និងក្រៅប្រទេស មានការភ្ញាក់ផ្អើល គឺការទម្លាក់ក្រុមខ្លាំងៗជាច្រើន ក្នុងតំបន់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 តែសោកស្ដាយពួកគេ បានបញ្ចប់ត្រឹមចំណាត់ជើងឯករង បន្ទាប់ពីចាញ់ក្រុម FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាការប្រកួតនេះ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អ រហូតទទួលបានការសរសើរពីអ្នកគាំទ្រ មុនភ្លាត់របូតគ្រាប់បរាជ័យនៅម៉ោងបន្ថែម ១៥នាទី ២ដង៕