(ឡុងដ៍)៖ Brighton, Brentford និង AFC Bournemouth សុទ្ធតែស្ថិតនៅក្រៅតំបន់កៅអីលេងពានអឺរ៉ុប នៃតារាងពិន្ទុលីគ Premier League ដូចគ្នា ក៏ប៉ុន្តែឱកាសនៅតែមានសម្រាប់ពួកគេត្រង់ថា Chelsea ឈ្នះជើងឯក Conference League និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្របខណ្ឌលីគកំពូល Premier League 2024-25 នឹងប្រកួតបិទរដូវកាលនៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្តង ក្នុងខណៈដែលអង់គ្លេស ត្រូវបានគេរំពឹងថា នឹងមានដល់ទៅ ១០ក្រុម មានវត្តមានលេងពានអឺរ៉ុបសម្រាប់រដូវកាលឆ្នាំ២០២៥-២៦។

បច្ចុប្បន្ននេះ អង់គ្លេសមាន ៦ក្រុមត្រៀមលេងវគ្គចែកពូល UEFA Champions League រដូវកាលក្រោយ ស្របពេល Liverpool និង Arsenal ទទួលបានស្វ័យប្រវត្តិហើយ លើកលែងតែ Newcastle, Chelsea, Aston Villa, Manchester City និង Nottingham Forest កំពុងស្ថិតក្នុងការប្រជែងនៅឡើយ។

មួយវិញទៀត Manchester United ដែលត្រៀមប៉ះ Tottenham Hotspur ប្រជែងជើងឯក UEFA Europa League នៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញនារាត្រីថ្ងៃពុធនោះ ក៏ទទួលបាន ១កៅអីផងដែរសម្រាប់ UCL ចំពោះក្រុមជើងឯក ក្រោយពេល Crystal Palace ដែលផ្តួល Man Cith ១ទល់នឹង០ លើកពាន FA Cup នោះ ក៏ទទួលបានកៅអីវគ្គចែកពូល UEL ហើយដែរ ជាមួយក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ នៅ Premier League ថ្ងៃបិទរដូវកាល។

មួយវិញ Newcastle United ដែលឈ្នះជើងឯក League Cup រដូវកាលនេះ ពោលទទួលបានកៅអី១ លេងពាន Conference League ក៏ប៉ុន្តែក្រុមរបស់លោក Eddie Howe មួយនេះ នឹងលេងវគ្គចែកពូល UEL វិញ ប្រសិនបើបញ្ចប់រដូវកាលក្នុងតំណែង TOP-6 ជាមួយ Chelsea ដែរ ប្រសិនបើតោខៀវឈ្នះជើងឯកពានលំដាប់ទី៣ អឺរ៉ុបទល់នឹង Real Betis ហើយពួកគេបញ្ចប់ក្នុងតំណែងលេខ៧ និងកៅអីលេងពាន UECL វគ្គចែកពូលត្រូវផ្តល់ទៅក្រុមលេខ៨ ក្នុងលីគវិញ៕