(ភ្នំពេញ)៖ លោក Pep Munoz គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ពីការចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀង នាប៉ុន្មានថ្ងៃខាងមុខ គឺជាការសម្រេចចិត្តរបស់លោក ។ យ៉ាងណាលោកនៅតែអាឡោះអាល័យ ចំពោះអនុស្សាវរីយ៍ជាច្រើន ដែលលោកបានដឹកនាំក្រុមរយៈពេល ២រដូវកាលកន្លងមក និងមានមោទនភាពជាខ្លាំង មុនចាកចេញ ហើយនឹងចងចាំកម្ពុជាក្នុងបេះដូងជារៀងរហូត។

លោក Pep បានបញ្ជាក់ថា «វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup នៅថ្ងៃអាទិត្យខាងមុខ នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំ ក្នុងនាមជាគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង។ ជាការសម្រេចចិត្តរបស់ខ្ញុំ ត្រូបានធ្វើកាលពីប៉ុន្មានខែមុន ហើយបានជូនដំណឹងទៅក្លឹប និងក្រុមជាមុន ។ ខ្ញុំគ្រាន់តែមានពាក្យល្អៗទៅកាន់ប្រជាជនកម្ពុជា និងប្រទេសដ៏ស្រស់ស្អាតនេះ។ ខ្ញុំ និងគ្រួសាររបស់ខ្ញុំរីករាយខ្លាំងណាស់ កំឡុងពេលរបស់យើងនៅទីនេះ ហើយយើងទទួលបានការចងចាំដែលយើងមិនអាចបំភ្លេចបាន»។

លោកបន្ដថា ២រដូវកាលកន្លងមក គឺជាដំណើរមួយ ដែលមិនគួរឲ្យជឿពីអាជីពការងារ និងទស្សនៈផ្ទាល់ខ្លួន ។ ដោយលោកបានថ្លែងអំណរគុណ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរាប់អានដ៏រួសរាយរាក់ទាក់ គោរព និងសប្បុរស ចំពោះរូបលោក និងក្រុមគ្រួសារ តាំងពីថ្ងៃដំបូង ដល់ថ្ងៃចុងក្រោយ ពិសេសលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ដែលបានផ្តល់សេចក្តីទុកចិត្ត ធនធាន ការគាំទ្រ និងក្តីស្រលាញ់ដល់រូបលោក ដើម្បីអភិវឌ្ឍជីវិត និងគម្រោងអាជីពរបស់ខ្លួននៅកម្ពុជា។

លោក Pep បានផ្ញើសារទៅកាន់លោក ឌី វិជ្ជា យ៉ាងដូច្នេះថា «អ្នកជាអ្នកដឹកនាំដ៏អស្ចារ្យ ជាបុរសល្អ និងជាគំរូដ៏ធំធេងនៃតម្លៃសម្រាប់សង្គមទាំងមូល សម្រាប់មនុស្សជំនាន់ក្រោយ» ។ លើសពីនេះ លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្លិបផ្សេងទៀត ដែលបានជឿជាក់លើផ្លូវដែលត្រឹមត្រូវ ដើម្បីសម្រេចក្ដីសុបិនរបស់ក្លិប រួមជាមួយកីឡាករទាំងអស់ ដែលប្រៀបបានក្រុមគ្រួសារតូចមួយដ៏ជិតស្និត លើសពីក្រុមបាល់ទាត់ ដែលផ្ដល់សិទ្ធឲ្យលោកក្នុងនាមគ្រូបង្វឹក។

លោកថា «ខ្ញុំរីករាយជាមួយអ្នកខ្លាំងណាស់ ហើយអ្នកបានធ្វើឲ្យការងាររបស់ខ្ញុំកាន់តែងាយស្រួល។ ក្នុងនាមជាគ្រូបង្វឹកខ្ញុំ ត្រូវតែធ្វើការសម្រេចចិត្តដ៏តឹងតែង ហើយខ្ញុំប្រាកដថា ខ្ញុំបានធ្វើខុសខ្លះ។ ក្នុងនាមជាមនុស្សម្នាក់ខ្ញុំប្រាកដថា ខ្ញុំប្រព្រឹត្តចំពោះអ្នក ដោយក្តីស្រលាញ់ និងកិត្តិយសទាំងអស់របស់ខ្ញុំ។ អរគុណខ្លាំងណាស់ដែលផ្តល់ឲ្យខ្ញុំ ២ឆ្នាំដែលមិនអាចបំភ្លេចបាន។ សូមអរគុណដល់បុគ្គលិកទាំងអស់សម្រាប់វិជ្ជាជីវៈ ការប្តេជ្ញាចិត្ត និងការលះបង់របស់អ្នក។ រដូវកាលដ៏លំបាកចុងក្រោយនេះបានបង្ហាញពីកម្រិត និងគុណភាពខ្ពស់នៃការងារប្រចាំថ្ងៃរបស់អ្នក។ ខ្ញុំមានមោទនភាពចំពោះអ្នកទាំងអស់គ្នា»

«ជាចុងក្រោយ ជាការដឹងគុណយ៉ាងធំធេង ចំពោះអ្នកគាំទ្រខេត្តស្វាយរៀង ជុំវិញប្រទេសកម្ពុជា។ អរគុណច្រើនសម្រាប់ការគាំទ្រដ៏ច្រើនរបស់អ្នកជានិច្ច។ ខ្ញុំមានអារម្មណ៍ថាអ្នកជិតស្និទ្ធណាស់ ហើយអ្នកគឺជាផ្នែកសំខាន់នៃភាពជោគជ័យរបស់យើង។ បន្តគាំទ្រក្រុម និងបន្តធ្វើអោយក្លិបឲ្យកាន់តែធំឡើង។ ពិសេសខ្ញុំនិយាយទៅកាន់ Blue swords បេះដូងរបស់ស្វាយរៀង គឺជាក្រុមអ្នកគាំទ្រល្អបំផុត។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ខ្ញុំស្រលាញ់អ្នក។ ស្វាយរៀង និងកម្ពុជានឹងស្ថិតក្នុងបេះដូងខ្ញុំជារៀងរហូត។ យើងទៅជាមួយគ្នា» ។ លោក Pep បន្ថែម។

គួរដឹងថា រយៈពេល ២រដូវកាលក្រោមការដឹកនាំរបស់លោក Pep Munoz ព្រះខ័នរាជស្វាយរៀង បានសម្រេចសមិទ្ធផលដ៏ភ្ញាក់ផ្អើល ពោលគឺបានគ្រងជើងឯកលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា សម្រាប់ឆ្នាំ២០២៣/២៤ និងឆ្នាំ២០២៤/២៥ ក៏ដូចជាការគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ និងត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីការពារជើងឯក រដូវកាលឆ្នាំ២០២៤/២៥ ថែមទៀត។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រ ទាំងក្នុង និងក្រៅប្រទេស មានការភ្ញាក់ផ្អើល គឺការទម្លាក់ក្រុមខ្លាំងៗជាច្រើន ក្នុងតំបន់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 តែសោកស្ដាយពួកគេ បានបញ្ចប់ត្រឹមចំណាត់ជើងឯករង បន្ទាប់ពីចាញ់ក្រុម FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។ យ៉ាងណាការប្រកួតនេះ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អ រហូតទទួលបានការសរសើរពីអ្នកគាំទ្រ មុនភ្លាត់របូតគ្រាប់បរាជ័យនៅម៉ោងបន្ថែម ១៥នាទី ២ដង៕