(ភ្នំពេញ)៖ សហគ្រិនខ្មែរ និងផ្សារអ៉ីអន បានប្រកាសពីការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅសាខាទាំងបី រួមមានផ្សារអ៉ីអនភ្នំពេញ, សែនសុខ និងមានជ័យ។

ពិព័រណ៍ដែលមានរយៈពេលពីរសប្តាហ៍នេះ មានគោលបំណងជួយលើកកម្ពស់ផលិត ផលក្នុងស្រុកលើកកម្ពស់ជីវភាព របស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មីៗ សម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់។ នេះគឺជាលើកទី៩ ហើយដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអនបាន សហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផល និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក នៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុក ជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «ការលើកកម្ពស់លទ្ធភាព ទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យមតាមរយៈ ដៃគូក្នុងតំបន់ និងបណ្តាញអន្តរជាតិជាការងារអាទិភាពមួយ ក្នុងចំណោមការងារចំបងផ្សេងទៀតរបស់ សហគ្រិនខ្មែរ។ កម្មវិធីរៀបចំផ្សព្វផ្សាយផលិតផល ដោយសហគ្រិន ជាសក្ខីភាពបង្ហាញពីការសហការរវាងរដ្ឋ និងឯកជន, ព្រមទាំងជាពិសេសការភ្ជាប់ទីផ្សារ រវាងក្រុមហ៊ុនអន្ដរជាតិ និងសហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើតទំនាក់ទំនងធុរកិច្ចដ៏រឹងមាំ សម្រាប់អនាគតយូរអង្វែង»

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ «ពិព័រណ៍នេះទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុងស្រុក និងជនបរទេសជាច្រើន ដោយគិតចាប់តាំងពីឆ្នាំ២០២១មកនេះ ជាលើកទី៩ហើយ ដែលផ្សារទំនើបអ៉ីអនបានសហការជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុង ស្រុក ហើយឆ្នាំនេះផងដែរ ផ្សារទំនើបអុីអនបានពង្រីកការដាក់តាំងលក់ឱ្យកាន់តែធំ និងច្រើនជាងឆ្នាំមុនៗ ទៅទៀត នៅក្នុងផ្សារទាំង៣សាខារបស់យើង»

សូមកុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុកជាច្រើន ដែលបំពេញតាមស្តង់ដារ, គុណភាព និងសុវត្ថិភាព មានដូចជា គ្រឿងទេស, របស់ប្រើប្រាស់ប្រចាំថ្ងៃ, បន្លែស្រស់, ទឹកដោះគោ, អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពី នេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឪកាសឈ្នះរង្វាន់ សម្រាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ៕