(ភ្នំពេញ)៖ នេះជាឆ្នាំទី៣ហើយដែលធនាគារ វីង បន្តគាំទ្រកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ ដើម្បីកសាងធនធានសហគ្រិនជំនាន់ក្រោយឱ្យកាន់តែច្រើនឡើង។ ធនាគារ វីង (ខេមបូឌា) ម.ក បានសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដើម្បីជួយគាំទ្រដល់កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ដែលបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ដើម្បីជំរុញកំណើននវានុវត្តន៍ឌីជីថល ក៏ដូចជាអភិវឌ្ឍនូវធនធានសហគ្រិនភាពឱ្យកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានលើកឡើងថា «ដោយមានការគាំទ្រពីធនាគារ វីង កម្មវិធីនេះផ្តល់នូវវេទិកាដ៏សំខាន់សម្រាប់សហគ្រិនវ័យក្មេងក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលសម្រាប់ទីផ្សារដូចជា អាជីវកម្មនិងអាជីវកម្ម (B2B), អាជីវកម្ម និងអតិថិជន (B2C) ព្រមទាំងអាជីវកម្មនិងស្ថាប័នរដ្ឋាភិបាល (B2G) ដែលដំណោះស្រាយទាំងនេះនឹងជួយជំរុញកំណើន ក្នុងវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំឡើងជាលំដាប់»។
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ មានរយៈពេល១២សប្តាហ៍ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងគាំទ្រធុរកិច្ចថ្មីមកពីគ្រប់វិស័យទាំងអស់ ដោយផ្តល់ឱ្យអ្នកចូលរួមនូវការបណ្តុះបណ្តាលជំនាញ ការបង្ហាត់បង្រៀន ក៏ដូចជាឱកាសកសាងបណ្តាញទំនាក់ទំនងដើម្បីជំរុញកំណើនអាជីវកម្មរបស់ពួកគេ។
កម្មវិធីនេះបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រោយទទួលបានអ្នកដាក់ពាក្យចូលរួម ៦១ក្រុមដែលជាអាជីវកម្មបង្កើតថ្មី ហើយមានតែ ១០ក្រុមប៉ុណ្ណោះ ត្រូវបានជ្រើសរើសដើម្បីឆ្ពោះទៅកាន់វគ្គបន្ត។ ក្រុមធុរកិច្ចទាំងនេះត្រូវបង្កើតដំណោះស្រាយឌីជីថល ឬថ្នាលឌីជីថលដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារ និងជាពិសេសតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។
លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានលើកឡើងថា «ភាពជាដៃគូនេះ ស្របតាមបេសកកម្មរបស់យើងខ្ញុំ ដែលតែងតែបេ្តជ្ញាចិត្តឥតងាករេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈដំណោះស្រាយហិរញ្ញវត្ថុ និងឌីជីថលប្រកបដោយភាពច្នៃប្រឌិត។ ធនាគារ វីង នៅតែបន្តធ្វើកិច្ចការរបស់យើងយ៉ាងចិត្តទុកដាក់ជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ដើម្បីរួមចំណែកពន្លឿនបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជាឆ្ពោះទៅមុខដ៏ស្វាហាប់»។
ធនាគារ វីង តែងតែប្តេជ្ញាចិត្តក្នុងការជំរុញនវានុវត្តន៍រហូតមក បានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈកិច្ចសហការជាបន្តបន្ទាប់របស់ខ្លួនជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ»។ ជាច្រើនឆ្នាំមកនេះ ភាពជាដៃគូនេះបានគាំទ្រនូវគំនិតផ្តួចផ្តើមជាច្រើនដូចជា កម្មវិធីនវានុវត្តន៍បញ្រ្ចាស (ចាប់ពីរដូវកាលទី១ ដល់ទី៤), កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល ២០២១, កម្មវិធី Turning Hackathon រដូវកាលទី៦, ដំណើរទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធធុរកិច្ចថ្មីនៅប្រទេសវៀតណាម និងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី១, រដូវកាលទី ២ និងរដូវកាលទី៤ ជាដើម។
សព្វថ្ងៃនេះ មានធុរកិច្ចបង្កើតថ្មីជាង ១៦០ អាជីវកម្ម កំពុងដំណើរការយ៉ាងរលូននៅក្នុងប្រទេសកម្ពុជា ដោយបានបង្កើតការងារប្រមាណជាង ២.០០០នាក់ ។ ភាពជាដៃគូនេះ ក៏បាននាំមកនូវការបោះជំហានទៅមុខដ៏សំខាន់មួយ សំដៅជំរុញការអភិវឌ្ឍបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជួយគាំទ្រភាពរីកចម្រើនរបស់សហគ្រិន ក៏ជូចជាទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ខ្លាំងក្លាថែមទៀត៕