(បរទេស)៖ នៅក្នុងសន្និសីទ «Microsoft Build 2025» ក្រុមហ៊ុន Microsoft បានប្រកាសពីការផ្លាស់ប្តូរដ៏សំខាន់ក្នុងយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិត (AI) ដោយផ្តោតលើការអភិវឌ្ឍន៍និងផ្តល់ជូននូវម៉ូឌែល AI ពីក្រុមហ៊ុនផ្សេងៗ និងការបញ្ចេញភ្នាក់ងារ AI សម្រាប់ការសរសេរកូដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
Microsoft បានប្រកាសថា នឹងផ្តល់ជូនម៉ូឌែល AI ពីក្រុមហ៊ុន xAI របស់ Elon Musk, Meta Platforms, និងក្រុមហ៊ុន Startups នៅអឺរ៉ុបដូចជា Mistral និង Black Forest Labs តាមរយៈមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។ នេះជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីផ្តល់ជម្រើសដល់អតិថិជនក្នុងការជ្រើសរើសម៉ូឌែល AI ដែលសមស្របនឹងតម្រូវការរបស់ពួកគេ។ ពាក់ព័ន្ធនឹងការបញ្ចេញភ្នាក់ងារ AI សម្រាប់ការសរសេរកូដ, Microsoft ក៏បានណែនាំអំពីភ្នាក់ងារ AI ថ្មីក្នុង GitHub Copilot ដែលអាចបំពេញភារកិច្ចសរសេរកូដដោយស្វ័យប្រវត្តិ។ ភ្នាក់ងារនេះ អាចជួយក្នុងការកែសម្រួលកូដ បន្ថែមមុខងារ និងធ្វើឯកសារបានដោយស្វ័យប្រវត្តិ។ វាអាចបញ្ចេញសកម្មភាពនៅក្នុងម៉ាស៊ីននិម្មិត វិភាគកូដ និងផ្តល់ការជូនដំណឹងដល់អ្នកអភិវឌ្ឍន៍សម្រាប់ការពិនិត្យ។
Microsoft កំពុងបង្កើត «agentic web» ដែលភ្នាក់ងារ AI អាចសហការនិងចែករំលែកការងារជាមួយគ្នា ដែលអាចជួយអភិវឌ្ឍន៍ប្រព័ន្ធ AI ឲ្យដំណើរការការងារជាច្រើនដោយស្វ័យប្រវត្តិ និងមានប្រសិទ្ធភាព៕