(រ៉ូម)៖ ក្លិប AS Roma ស្ថិតក្នុងក្របខណ្ឌ Serie A របស់ប្រទេសអ៉ីតាលី បានព្រមព្រៀងគ្នា ក្នុងការតែងតាំងលោក Jurgen Klopp មកដឹកនាំជំនួសកៅអីគ្រូបង្វឹកបច្ចុប្បន្ន លោក Claudio Ranieri ដែលបានលាឈប់។
ប្រភពពីកាសែត La Stampa របស់អ៉ីតាលីបានចេញផ្សាយថា កិច្ចព្រមព្រៀងរវាងក្លិប និងអតីតគ្រូបង្វឹក Liverpool ខាងលើនេះ ត្រូវបានធ្វើរួចរាល់ហើយ នៅឡើយតែពិធីបង្ហាញមុខ និងប្រកាសតែងតាំងជាផ្លូវការតែប៉ុណ្ណោះ។
ប្រធានក្លិបរមាសខាងលើ លោក Dan Friedkin បានបង្ហើបថា កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា នាម៉ោងប្រហែល ១០៖៥៧នាទីព្រឹក លោក Klopp បានឆ្លើយ OK ក្នុងការមកដឹកនាំ Roma ចាប់ពីរដូវក្រោយតទៅ។
នេះជាក្លិបដំបូងសម្រាប់បុរសសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp ក្នុងការវិលមកកាន់តួនាទីបង្វឹកវិញ បន្ទាប់ពីចាកចេញពីក្លិបអង់គ្លេស ហង្សក្រហម Liverpool នារដូវកាលមុនរួចមក បន្ទាប់ពីចប់កិច្ចសន្យានៅ Anfield។ លោក Klopp បានកាន់តួនាទីជាអ្នកអភិវឌ្ឍន៍បាល់ទាត់សកលរបស់ក្លិបអាល្លឺម៉ង់ផងដែរគឺ RB Leipzig មុនពេល Roma ផ្តល់សេចក្តីទុកចិត្ត យកមកដឹកនាំ៕