(បរទេស)៖ កីឡាករវាយកូនបាល់ទោល Novak Djokovic បាននិយាយថា រូបលោកនៅតែផ្តល់ការគោរពជានិច្ចចំពោះ Andy Murray បើទោះបីជាចែកផ្លូវគ្នា ក្នុងនាមជាដៃគូបង្វឹកក៏ដោយ។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងសន្និសីទ នៅពេលតារាឆ្នើមសញ្ជាតិស៊ែប៊ីរូបនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមព្រឹត្តិការណ៍ Geneva Open 2025 ដែលជាកម្មវិធីចុងក្រោយ មុនពេល French Open របស់បារាំងចាប់ផ្តើម។
Djokovic ដែលនឹងឈានចូលវ័យ ៣៨ឆ្នាំនាថ្ងៃព្រហស្បតិ៍ស្អែកនេះ បានចែកផ្លូវជាមួយអតីតគូប្រជែងលើទីលាន Andy Murray កាលពីដើមខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើការជាមួយគ្នាបាន ៦ខែ។
លោកថា «ការគោរពរបស់ខ្ញុំចំពោះ Murray នៅដូចដើម បើទោះបីជាពួកយើងបានដើរផ្លូវផ្សេងគ្នាក៏ដោយ ក៏ព្រោះតែខ្ញុំស្គាល់គាត់ច្បាស់។ ខ្ញុំគិតថា គាត់គឺជាមនុស្សដែលមាន IQ ខ្ពស់ក្នុង Tennis ដែលកន្លងមក Murray បានឈ្នះគ្រប់យ៉ាង និងបានឆ្លងកាត់ការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលទៀតផង»។
ជាការកត់សម្គាល់ផងដែរ Djokovic ពុំទាន់ទទួលបានជ័យជម្នះឡើយ ក្នុងការប្រកួតនៅលើទីលានដីឥដ្ឋក្នុងឆ្នាំនេះ ដោយបានហាលអាវពីកម្មវិធី Monte Carlo និង Madrid Open មុនពេលអវត្តមានពី Italian Open ដ្បិត French Open ចាប់ផ្តើមចុងសប្តាហ៍នេះ លេងលើទីលានដីឥដ្ឋ៕