(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បាននិយាយនៅក្នុងឯកសារមួយថា Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ខ្លួនគ្រោងនឹងវិនិយោគប្រមាណ ១.៥ ពាន់លានរូពី (ប្រហែល ១៧.៣៩ លានដុល្លារ) នៅក្នុងអង្គភាពរបស់ខ្លួនគឺ Yuzhan Technology India ដែលមានទីតាំងនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

យោងតាមឯកសាររបស់ផ្សារហ៊ុនទីក្រុងឡុងដ៍បានឱ្យដឹងថា ការវិនិយោគនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានមូលដ្ឋាននៅសិង្ហបុរីរបស់ Foxconn ដែលនឹងទិញភាគហ៊ុនចំនួន ១២.៧៧ ពាន់លានហ៊ុនដែលមានតម្លៃ ១០ រូពីក្នុងមួយហ៊ុន នឹងសរុបជាទឹកប្រាក់ប្រមាណ ១២៧.៧៤ ពាន់លានរូពី (១.៥ ពាន់លានដុល្លារ)។ Yuzhan Technology India គឺជាអង្គភាពមួយរបស់ Foxconn ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិច រួមទាំងផ្គុំ និងតំឡើង iPhone របស់ Apple ផងដែរ។

គួរជម្រាបថា Apple កំពុងដាក់ទីតាំងប្រទេសឥណ្ឌាជាមូលដ្ឋានផលិតកម្មជំនួស ចំពេលពន្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump លើប្រទេសចិន ដែលបានបង្កើនការព្រួយបារម្ភអំពីខ្សែសង្វាក់ផ្គត់ផ្គង់ និងការភ័យខ្លាចនៃតម្លៃទូរស័ព្ទ iPhone ឡើងថ្លៃ។ នេះបើតាមរបាយការណ៍របស់​ Reuters កាលពីខែមុន។ ស្របនឹងផែនការនេះ នៅក្នុងខែមីនា ក្រុមហ៊ុន Apple បានបង្កើនការផលិតនៅឥណ្ឌា ដោយបាននាំចេញ iPhone ប្រមាណ ៦០០ តោន ដែលមានតម្លៃ ២ ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក៕