(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ៩រូប ក្នុងនោះមានកីឡាករ-កីឡាការិនី ៦រូប ចូលរួមការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៩ (9th Asian Ju-Jitsu Championship) ឆ្នាំ២០២៥ នៅទីក្រុង Amman ប្រទេសហ្សកដានី ចាប់ពីថ្ងៃទី២២-២៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។

កីឡាករ-កីឡាការិនី ដែលចូលរួមប្រកួតជើងឯកអាស៊ីខាងលើ រួមមានកីឡាករ ៣រូប (កីឡាករ មឿនលឹម សុបញ្ញា, គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា) និងកីឡាការិនី ៣រូប (កីឡាការិនី ទីន សុវណ្ណបួរកែវ, ហេង ស៊ីវហ៊ាង និង គង់ម៉ូណា ជេសស៊ីកា ក្រោមការដឹកនាំរបស់លោក សំអុន បូរមី ជាប្រធានប្រតិភូ និងមានលោក Jasper Martijn Pass ជាគ្រូបង្វឹក ដែលបានចាកចេញពីមាតុភូមិ កាលពីល្ងាចថ្ងៃទី២០ ខែឧសភាម្សិលមិញ។

លោក ថោង បញ្ញាធន ប្រធានស្ដីទីសហព័ន្ធ បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដ៏សំខាន់ ដែលសហព័ន្ធតែងបញ្ជូនអត្តពលិករបស់ខ្លួនចូលរួម ដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថភាពពួកគេ ជាមួយបណ្ដាប្រទេសក្នុងទ្វីបអាស៊ី ។ ចំពោះកីឡាករ-កីឡាការិនី ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ពោលគឺជាអ្នកដែលមានលទ្ធភាពអាចដណ្ដើមបានមេដាយជូនជាតិ ហើយក៏ជាការត្រៀមលក្ខណៈមួយ សម្រាប់ស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំនេះផងដែរ។

លោកបន្ដថា «ការប្រកួតនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាជើងឯកប្រចាំទ្វីបអាស៊ី ហើយក៏ជាព្រឹត្តិការណ៍មួយ ដែលសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាតែងចូលរួមរៀងរាល់ឆ្នាំ បន្ទាប់ពី World Championship មក គឺ Asian Championship នេះហើយ ដែលយើងអាចវាស់ស្ទង់សមត្ថភាព រវាងសមាជិកក្រុមជម្រើសជាតិជឺជីតស៊ូទ្វីបអាស៊ី ។ ដោយសារយើងតែងមានវត្តមានរៀងរាល់ឆ្នាំ គេបានទទួលស្គាល់ជឺជីតស៊ូកម្ពុជា ជាសហព័ន្ធមួយ ដែលមានស្នាដៃ ដែលអាចដណ្ដើមបានជ័យលាភី និងបញ្ចប់ការប្រកួតក្នុងលទ្ធផលល្អប្រសើរ»

សូមរំឮកថា កាលពីឆ្នាំ២០២៤ កន្លងទៅ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ ក្នុងចំណោមអត្តពលិក ១,៥០០នាក់ មកពី ៣១ប្រទេស ដែលបានធ្វើការប្រកួតនៅប្រទេសអារ៉ាប់រួម៕