(ភ្នំពេញ)៖ កម្ពុជានឹងទទួលបាន ១កៅអីកន្លះ ឬស្មើនឹង ២ក្រុម ដើម្បីចូលរួមការប្រកួតពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ឆ្នាំ២០២៦/២៧ (AFC Champions League Two (ACL Two) 2026/27 បន្ទាប់ពីចំណាត់ថ្នាក់លីគកំពូលកម្ពុជា ត្រូវបានកើនឡើង ៧លេខ នៅក្នុងតារាងលីគល្អជាងគេប្រចាំតំបន់អាស៊ី(AFC Club Competitions Ranking) សម្រាប់រដូវកាលឆ្នាំ២០២៤/២៥។

យោងតាមការសម្រេចផ្ដល់ពិន្ទុចំណាត់ថ្នាក់លីគបណ្ដាប្រទេសសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) លីគកំពូលកម្ពុជា បានឡើងពីចំណាត់ថ្នាក់លេខ៣០ ទៅឈរលេខរៀងទី២៣ ក្នុងតារាងចំណាត់ថ្នាក់ AFC Club Competitions Ranking 2024//25 បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ដែលបានបញ្ចប់ត្រឹមជើងឯករង កាលពីថ្មីៗ។

ក្រោមសមិទ្ធផលរបស់ក្លិបជើងឯកលីគកំពូលកម្ពុជានេះដែរ មិនត្រឹមតែធ្វើឲ្យលីគកំពូលកម្ពុជា ឡើងចំណាត់ថ្នាក់ AFC កាន់តែល្អប្រសើរប៉ុណ្ណោះ ថែមទាំងជួយឲ្យលីគកំពូលកម្ពុជា ទទួលបាន ១កៅអីកន្លះ សម្រាប់លេងពាន AFC Champions League Two 2026/27 ទៀតផង ពោលគឺក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងទទួលបានកៅអីវគ្គចែកពូល និងក្រុមជើងឯករង ទទួលបានកៅអីវគ្គជម្រុះ។

យ៉ាងណាមិញ សម្រាប់រដូវកាលបន្ទាប់ នៃពានរង្វាន់ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីនេះ កម្ពុជាមានតែ ១ក្រុមប៉ុណ្ណោះ ដែលត្រូវបន្ដលេងពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 គឺក្លិបព្រះខ័នរាជស្វាយរៀង ដែលទើបគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ កាលពីថ្មីៗ។

គួរដឹងថា សម្រាប់តារាងចំណាត់ថ្នាក់ AFC Club Ranking 2024/25 លីគកំពូលកម្ពុជា រកបាន ២០,១១២ពិន្ទុ ឈរលេខរៀងទី២៣ គ្រាដែលលេខ១ គឺលីគកំពូលអារ៉ាប់ប៊ីសាអូឌីត តាមពីក្រោយដោយលីគកំពូលជប៉ុន និងកូរ៉េខាងត្បូង។ បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន លីគកំពូលកម្ពុជា ឈរក្រោមលីគកំពូលថៃ ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី តែឈរលើលីគកំពូលឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត៕