(ប៉ីលបៅ)៖ ទីបំផុតក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានស្គាល់រសជាតិនៃការឈ្នះពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League 2024-25 នឹងគេហើយ ក្រោយពេលទន្ទឹងរង់ចាំអស់រយៈពេល ១៧ឆ្នាំ បន្ទាប់ពីយកឈ្នះ Manchester United ១ទល់នឹង០ នៅរាត្រីថ្ងៃពុធ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន San Mames Barria ស្ថិតក្នុងទីក្រុង Bilbao ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជិត ៥ម៉ឺននាក់ និងក៏ជាលើកទី២ ផងដែរសម្រាប់ Spurs ដែលធ្វើដំណើរមកកាន់ទឹកដីអេស្ប៉ាញ ក្រោយពេលចាញ់ Liverpool ២-០ កាលពី ៦ឆ្នាំមុន ក្នុងពាន UEFA Champions League 2018-19។

នេះមានន័យថា ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Son Heung-min បានស្គាល់រសជាតិពានធំជាមួយ Spurs គាប់ជួន Harry Kane ក៏បានឈ្នះពានលីគ Bundesliga លើកដំបូងជាមួយ Bayern Munich ដែរ ក្រោយចាកចេញបាន ២រដូវកាលពីក្លិប Spurs។

កីឡាករ Brennan Johnson គឺជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៤២ និងបានក្លាយជាកីឡាករវ៉េលដំបូងគេ ដែលរកបានគ្រាប់បាល់នៅវគ្គផ្តាច់ព្រ័ត្រ Europa League គិតចាប់តាំងពី Simon Davies ធ្លាប់ធ្វើបានកាលលេងឱ្យ Fulham ក្នុងឆ្នាំ២០១០។

គិតមកទល់ពេលនេះ អង់គ្លេសរកបាន ៣ក្រុមហើយ ក្នុងចំណោម ៦ក្រុមលេងវគ្គចែកពូលស្វ័យប្រវត្តិ UEFA Champions League 2025-26 ដោយរួមមាន Liverpool, Arsenal និង Tottenham Hotspur នៅពេល ៣ក្រុមបន្ថែមទៀត នឹងរកឃើញ ក្រោយពេលបិទលីគនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈក្រុមរបស់លោក Ruben Amorim មិនមានកៅអីលេងពានអឺរ៉ុបណាមួយឡើយ សម្រាប់រដូវកាលក្រោយ៕