(បរទេស)៖ ក្រៅពីមេដាយមាស និងពានប្រចាំព្រឹត្តិការណ៍ UEFA Europa League 2024-25 ក្រុម Tottenham Hotspur ក៏ទទួលបានរង្វាន់ជាទឹកប្រាក់ប្រមាណ ១០.៩៥លានផោន ស្របពេលក្រុមជើងឯករង Manchester United បាន ៥.៩០លានផោនផងដែរ។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Talk Sport របស់អង់គ្លេសបានឱ្យដឹងថា នេះជាប្រាក់រង្វាន់តែ ១ប្រកួតផ្តាច់ព្រ័ត្រប៉ុណ្ណោះ ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

មាន់ខ្នាយមាស Spurs បានបញ្ចប់ការទន្ទឹងរង់ចាំឈ្នះពានអស់ ១៧ឆ្នាំ នៅពេលពួកគេបានយកឈ្នះក្រុមអង់គ្លេសដូចគ្នា Manchester United អតីតជើងឯក UEFA Europa League កាលឆ្នាំ២០១៧ ដោយលទ្ធផល ១ទល់នឹង០ និងទទួលបានកៅអី ១ស្វ័យប្រវត្តិ ក្នុងការលេងពាន UEFA Champions League វគ្គសន្សំពិន្ទុរដូវកាលក្រោយថែមទៀតផង។

ក្រៅពីប្រាក់រង្វាន់សម្រាប់ជើងឯក UEFA ក៏បានបែងចែកប្រាក់រង្វាន់ផ្សេងៗទៀតទៅតាមដំណាក់កាលផងដែរមានដូចជា៖
. ជើងឯក៖ ១០.៩៥លានផោន
. ជើងឯករង៖ ៥.៩០លានផោន
. វគ្គ ៤ក្រុម៖ ៣.៥៤លានផោន
. វគ្គ ៨ក្រុម៖ ២.១១លានផោន
. វគ្គ ១៦ក្រុម៖ ១.៤៧លានផោន
. វគ្គសន្សំពិន្ទុ Group Phase៖ ២៥២,៨០០ផោន៕