(អេស្ប៉ាញ)៖ ក្លិប FC Barcelona ពេលនេះបានសម្រេចផ្តល់កិច្ចសន្យាបន្ថែមសម្រាប់លោក Hansi Flick រហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីរូបលោកបានដឹកនាំក្រុមឈ្នះពាន៣ ក្នុងមួយរដូវកាលនេះ ។ នេះបើតាមប្រភពពីក្លិបបានឱ្យដឹងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។

បុរសសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានតែងតាំងដំបូងក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំកាលពីខែឧសភា ឆ្នាំ២០២៤ បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាបន្ថែមនេះ បន្ទាប់ពីដឹកនាំក្លិបឱ្យឈ្នះពានរង្វាន់លីគកំពូលអេស្ប៉ាញ La Liga 2024-25, Copa del Rey និង Supercopa de Espana ក្នុងរដូវកាលដំបូងរបស់លោកមកដឹកនាំក្រុមតំបន់កាតាឡានមួយនេះ ។

រំលឹកផងថា មុនឈានមកដឹកនាំក្រុម Barca គ្រូបង្វឹកវ័យ ៦០ឆ្នាំរូបនេះបានត្រូវបានបណ្តេញចេញតំណែងគ្រូក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលខែកញ្ញា ឆ្នាំ២០២៣ មុនពេលត្រូវបានផ្តល់សេចក្តីទុកចិត្តមកជំនួសកន្លែងលោក Xavi ជាអ្នកចាត់ការក្លិប Barcelona ។

ខណៈក្លិបបានលើកឡើងថា «លោក Hansi Flick កំពុងបង្កើតប្រវត្តិសាស្ត្រឱ្យ FC Barcelona ហើយយើងបានប្រាកដចិត្តថានឹងមានអ្វីបន្តទៀតនៅរដូវកាលខាងមុខនេះ»