(ភ្នំពេញ)៖ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចេញទស្សនៈ ២ចំណុច សម្រាប់លីគកំពូលកម្ពុជា ដែលត្រូវពង្រឹង និងជំរុញការអភិវឌ្ឍបន្ថែម ដើម្បីឆ្លើយតបការខិតខំប្រឹងប្រែងរបស់ក្លិប ក៏ដូចជាឈានទៅការប្រកួតប្រជែងលើឆាកអន្ដរជាតិ។

ទស្សនៈរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ដែលទើបដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង លើកពានលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា (២០២៣/២៤ និង ២០២៤/២៥) ហើយត្រូវចាកចេញបន្ទាប់ពីដឹកនាំក្រុមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៨ ជាមួយក្លិបភ្នំពេញក្រោន នាថ្ងៃទី២៥ ខែឧសភាខាងមុខ រួមមាន៖

«សម្រាប់ពានរង្វាន់ Cambodian Premier League ជាគំនិតរបស់ខ្ញុំ ចង់ឲ្យអភិវឌ្ឍន៍បន្ថែម ទី១-មន្ដ្រីអាជ្ញាកណ្ដាល គួរតែរីកចម្រើនជាងហ្នឹង ព្រោះក្លិបសុទ្ធតែមានការប្រកួតប្រជែងខ្ពស់ ។ អ៊ីចឹងផ្នែកអាជ្ញាកណ្ដាល គួរតែរកវិធីសាស្ដ្រ និងចំណាយធនធានមួយចំនួន ដើម្បីស្វែងរករបៀប ឬវិធីសាស្ដ្រណាមួយ ក្នុងការជួយអាជ្ញាកណ្ដាលឲ្យគាត់មានការអភិវឌ្ឍបន្ថែម ក៏ដូចជាអាចប្រើប្រាស់ឧបករណ៍ ដូចជាវិដេអូ ឬអ្វីផ្សេងៗ ដើម្បីជួយពួកគាត់បន្ថែម។

ទី២-ភាពខុសគ្នា រវាងក្រុមស្ថិតនៅតំបន់កំពូល និងក្រុមនៅតំបន់ខាងក្រោម មានន័យថា ពាក់ព័ន្ធនឹងគុណភាព រៀងខុសគ្នាឆ្ងាយពេក រវាងក្រុមស្ថិតនៅតំបន់កំពូល និងប៉ុន្មានក្រុមខាងក្រោម ។ អ៊ីចឹងបើគាត់មានធនធាន ឬអាចអភិវឌ្ឍន៍ នៅផ្នែកណាមួយ ក៏ដូចជាទីលាន ការបណ្ដុះបណ្ដាលគុណភាពកីឡាករបន្ថែម ទាំងអស់នោះ ដើម្បីបង្កើនគុណភាព និងកាត់បន្ថយគម្លាតរវាងក្រុមនៅតំបន់ខាងលើ និងក្រុមនៅតំបន់ខាងក្រោម ឲ្យប្រកៀកប្រកិតគ្នា»

ក្រៅពីលើកនូវចំណុចត្រូវការលម្អ ដែលជាទស្សនៈផ្ទាល់ខ្លួន លោក Pep ក៏សង្ឃឹមថា អនាគតនៃលីគកំពូលកម្ពុជា ប្រសិនបើមានក្រុមបន្ថែមកាន់តែច្រើនទៀតនេះ គឺកាន់តែល្អ ស្របពេលបច្ចុប្បន្ន គឺមាន ១១ក្រុម ដែលបានចូលរួមប្រកួតប្រជែង កាលពីរដូវកាលឆ្នាំ២០២៤/២៥ កន្លងទៅ។ យ៉ាងណាលោកទទួលស្គាល់ថា លីគកំពូលកម្ពុជា បច្ចុប្បន្នពិតជាមានភាពរីកចម្រើន និងការប្រកួតប្រជែងកាន់តែខ្ពស់ផងដែរ។

គួរដឹងថា លីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ទើបបានបញ្ចប់កាលពីថ្មីៗ ក្រោយដំណើរការប្រកួតអស់រយៈពេលជាង ៩ខែ ដោយក្លិបព្រះខ័នរាជស្វាយរៀង បានបន្ដគ្រងតំណែងជើងឯក គ្រាដែលភ្នំពេញក្រោន បន្ដឈរជាជើងឯករង និងវិសាខា រក្សាចំណាត់ថ្នាក់លេខ៣ ៕