(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសថានឹងទិញក្រុមហ៊ុន «io» ដែលជាក្រុមហ៊ុនផលិតឧបករណ៍ AI បង្កើតឡើងដោយលោក Jony Ive ក្នុងតម្លៃរហូតដល់ ៦.៤ ពាន់លានដុល្លារ។ លោកជាអ្នករចនាឧបករណ៍ដ៏ល្បីរបស់ Apple ដូចជា iPhone និង iPod។ នេះបើតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

តម្លៃទិញនេះ ត្រូវបានគេដឹងថាជាកិច្ចព្រមព្រៀងទិញជាភាគហ៊ុន (all-equity deal) ដោយរួមបញ្ចូលភាគហ៊ុន ២៣% ដែល OpenAI មានស្រាប់នៅក្នុង io។ ក្នុងនោះបុគ្គលិកប្រហែល៥៥នាក់ពី io នឹងចូលរួមជាមួយ OpenAI ដើម្បីពង្រឹងសមត្ថភាពអភិវឌ្ឍន៍ផ្នែកឧបករណ៍។ ងាកមកតួនាទីរបស់លោក Jony Ive វិញ គឺលោកនឹងមិនក្លាយជាបុគ្គលិក OpenAI ទេ ប៉ុន្តែ​ក្រុមហ៊ុនរចនារបស់លោកឈ្មោះ LoveFrom នឹងបន្តដឹកនាំការរចនាផលិតផលថ្មីៗរបស់ OpenAI ទាំងផ្នែកឧបករណ៍ និងកម្មវិធី។ បើនិយាយពីគោលបំណងយុទ្ធសាស្ត្រ របស់ OpenAI គឺចង់បង្កើតឧបករណ៍ថ្មីៗដែលប្រើជាមួយនឹង AI បែបថ្មីមិនដូចស្មាតហ្វូន ឬកុំព្យូទ័រទេ។ វាអាចជាគន្លងថ្មីក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដែលបញ្ចូល AI ជាសមាជិកនៃផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។

គួរជម្រាបថា បន្ទាប់ពីមានព័ត៌មាននេះឡើង ភាគហ៊ុន Apple មានការធ្លាក់ចុះជាង ២% ដោយសារក្តីបារម្ភ​ពីអ្នកវិនិយោគអំពីការប្រកួតប្រជែងក្នុងទីផ្សារឧបករណ៍ AI។ OpenAI មានផែនការចេញផលិតផល (hardware) ជាមួយ LoveFrom នៅឆ្នាំ២០២៦ ដែលនេះអាចជាជំហានសំខាន់នៃការបង្កើតឧបករណ៍ AI ដែលមានការរចនាល្អបំផុត បែបសាមញ្ញ និងឆ្លាតវៃ៕