(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Amazon បានពង្រីកសេវាកម្មដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើក (ដ្រូន) Prime Air នៅសហរដ្ឋអាមេរិក ដើម្បីរួមបញ្ចូលនូវប្រភេទទំនិញថ្មីៗ រួមមាន iPhones, ស្មាតហ្វូន Samsung Galaxy, Apple AirTags, AirPods, Ring doorbells និង ទែម៉ូម៉ែត្រអាហារ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ការពង្រីកនេះ ត្រូវបានរបាយការណ៍ឱ្យដឹងថា ធ្វើឡើងបន្ទាប់ពីមានការយល់ព្រមពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ដើម្បីចែកចាយឧបករណ៍ដែលបំពាក់ដោយថ្មលីចូម-អ៊ីយ៉ុង តាមរយៈយន្តហោះគ្មានមនុស្សបើកដោយសុវត្ថិភាព។

Amazon សន្យាថានឹងដឹកជញ្ជូនក្នុងរយៈពេល ៦០ នាទី ឬតិចជាងនេះពីការដាក់បញ្ជាទិញរហូតដល់ការមកដល់មាត់ទ្វារ ដែលបច្ចុប្បន្នមានសម្រាប់តែអតិថិជន Prime ប៉ុណ្ណោះនៅក្នុងទីតាំងសហរដ្ឋអាមេរិកដែលបានជ្រើសរើស ជាពិសេសស្ថានីយ៍មហាវិទ្យាល័យ រដ្ឋតិចសាស់ និងតំបន់ West Valley នៃ Phoenix រដ្ឋ Arizona។ អ្វីដែលកាន់តែពិសេសនោះ យន្តហោះគ្មានមនុស្សបើក MK30 ដែលទើបណែនាំថ្មីអាចគណនាពេលវេលាដឹកជញ្ជូនជិតពិតប្រាកដ (ត្រឹមត្រូវក្នុងរយៈពេលប្រាំនាទី) និងកំណត់តំបន់ចែកចាយប្រកបដោយសុវត្ថិភាពតាមអាសយដ្ឋានរបស់អតិថិជនដោយមិនទាមទារលេខកូដ QR ឬសញ្ញាសម្គាល់នោះទេ។

ជាងនេះទៅទៀត ពេលទៅដល់ទីតាំងយន្តហោះគ្មានមនុស្សបើកនេះនឹងទម្លាក់កញ្ចប់ឥវ៉ាន់ក្នុងកម្ពស់ទាបបំផុត ធានាគ្មានការបែកបាក់ និងប៉ះពាល់ដល់ឥវ៉ាន់ជាពិសេសស្មាតហ្វូន ព្រមទាំងអាចផ្ទៀងផ្ទាត់ដឹងច្បាស់ថាតំបន់នេះមានមនុស្ស សត្វចិញ្ចឹម និងមានឧបសគ្គមុនពេលដឹកជញ្ជូនថែមទៀតផង។

គួរជម្រាបថា យន្តហោះគ្មានមនុស្សបើក (ដូ្រន) នេះនឹងអាចដឹកជញ្ជូនបានសម្រាប់ឥវ៉ាន់មានទម្ងន់ក្រោម ៥ ផោន (ប្រហែល ២.២ គីឡូក្រាម) ហើយអាចប្រើបានតែក្នុងលក្ខខណ្ឌអាកាសធាតុល្អ ឬមានភ្លៀងធ្លាក់តិចអាចទទួលយកបានប៉ុណ្ណោះ។ ដោយឡែកចំពោះការដឹកជញ្ជូននេះ បច្ចុប្បន្នត្រូវបានផ្តល់ជូនជាជម្រើសបង់ប្រាក់ ដែលជាធម្មតាមានតម្លៃបន្ថែម ៤.៩៩ដុល្លារ៕