(បរទេស)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនចិន​​ Xiaomi លោក Lei Jun បានបង្ហោះនៅក្នុង Weibo នៅមុននេះបន្តិចថា រថយន្ត SUV អគ្គិសនីថ្មីម៉ូដែល YU7 ត្រូវបានរំពឹងថានឹងវាយលុកទីផ្សារក្នុងខែកក្កដា ឆ្នាំ២០២៥។ ពោលគឺម៉ូដែលនេះ អាចនឹងធ្វើឱ្យកក្រើកទីផ្សារ ខណៈវាមានមុខងារពិសេសជាច្រើនមកប្រកួតប្រជែងនឹងរថយន្តអគ្គិសនី Tesla។ នេះបើយោងតាមការចេញផ្សាយដោយ Reuters នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

YU7 គឺជាគំរូរថយន្តអគ្គិសនីទីពីររបស់ក្រុមហ៊ុន Xiaomi និងជារថយន្ត SUV ដំបូងរបស់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងដោយផ្ទាល់ជាមួយរថយន្ត Tesla ម៉ូដែល Y នៅក្នុងទីផ្សាររថយន្ត SUV អគ្គិសនីរបស់ប្រទេសចិន។

គួរជម្រាបថា Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំទី៣ របស់ពិភពលោក និងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន នឹងដាក់បង្ហាញម៉ូដែលរថយន្តអគ្គីសនីទី២ របស់ខ្លួននៅថ្ងៃនេះតែម្តង នៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផល Xiaomi នៅទីក្រុងប៉េកាំង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ខួបលើកទី ១៥ របស់ក្រុមហ៊ុន Xiaomi ៕