(ម៉ានីល)៖ កីឡាករប្រដាល់សកល Manny Pacquiao បានប្រកាសឡើងសង្វៀនវិញ ក្រោយខកខានប្រកួតជិត ៤ឆ្នាំមកនេះ។

ខ្លាកំណាចប្រចាំទ្វីបអាស៊ីនេះ បានវិលមកវិញទាំងដែលឈានចូល ៤៦ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

លោកថា "ខ្ញុំត្រឡប់មកវិញហើយ។ តោះបង្កើតប្រវត្តិសាស្ត្រថ្មីទៀត"។

ជើងខ្លាំងសញ្ជាតិហ្វីលីពីន រហស្សនាម Pac Man ធ្លាប់ឈ្នះខ្សែក្រវាត់ ១២លើក ក្នុងចំណោម ៨ស្ថាប័នផ្សេងគ្នាផងដែរ ដោយលោកបានបង្ហើបថា អាចនឹងប៉ះម្ចាស់ខ្សែក្រវាត់ WBC បច្ចុប្បន្នគឺ Mario Barrios នាថ្ងៃទី១៩ ខែកក្កដា នៅក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងថា គិតចាប់តាំងពីចូលនិវត្តន៍ពីប្រដាល់ឈឺសាច់មក Pacquiao បានចូលប្រឡូកនយោបាយហ្វីលីពីន ដែលទើបបរាជ័យក្នុងការបោះឆ្នោតសភានាសប្តាហ៍មុន៕